អដ្ឋកថាមិគសាលាសូត្រ

ក្បាលទី 31 · ទំព័រ 609

ពាក្យណាគប្បីពោលមុនក្នុងខាងដើមនៃសូត្រទី ៥ ពាក្យនោះ ក៏ពោលហើយ ក្នុងឆក្កនិបាត ។ ក្នុងពាក្យថា ទុស្សីលោ ហោតិ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា បទថា ទុស្សីលោ បានដល់ ជាអ្នកមិនមានសីល ។ បទថា ចេតោវិមុត្តឹ បានដល់ ផលសមាធិ ។ បទថា បញ្ញាវិមុត្តឹ បានដល់ ផលញ្ញាណ ។ បទថា នប្បជានាតិ បានដល់ មិនដឹងដោយការរៀន និង ការសាកសួរ ។ ក្នុងពាក្យថា ទុស្សីល្យំ អបរិសេសំ និរុជ្ឈតិ នេះ ការ ទ្រុស្តសីល ៥ យ៉ាង សោតាបត្តិមគ្គលះបានមុន ការទ្រុស្តសីល ១០ យ៉ាង អរហត្តមគ្គលះបាន ក្នុងខណៈផលចិត្ត ការទ្រុស្តសីលទាំងនោះ ឈ្មោះថា មគ្គលះបានហើយ ។ ទ្រង់សំដៅដល់ខណៈនៃផលចិត្តក្នុងសូត្រនេះ ទើប ត្រាស់ថា និរុជ្ឈតិ សីលរបស់បុថុជ្ជន រមែងដាច់ដោយហេតុ ៥ ប្រការ គឺត្រូវអាបត្តិបារាជិក ១ លាសិក្ខា ១ ចូលតិរ្ថិយ ១ សម្រេចអរហត្ត ១ ស្លាប់ ១ ។ ក្នុងហេតុ ៥ ប្រការនោះ ហេតុ ៣ ខាងដើម ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ប្រការទី ៤ ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើន ប្រការទី ៥ មិនប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស ឬសេចក្តីចម្រើនឡើយ ។ សួរថា សីល នេះដាច់ព្រោះសម្រេចអរហត្តដូចម្តេច ឆ្លើយថា ព្រោះថា សីលរបស់បុថុជ្ជនជា កុសលកម្មដោយចំណែកមួយបុណ្ណោះ ឯអរហត្តមគ្គ ប្រព្រឹត្តទៅដើម្បី អស់កុសលកម្ម និងអកុសលកម្ម សីលដាច់ ព្រោះសម្រេចអរហត្តយ៉ាង នេះ ។ បទថា សវនេនបិ អកតំ ហោតិ សេចក្តីថា ប្រការដែលគួរស្តាប់ ក៏ ឈ្មោះថា មិនបានស្តាប់ ។ ក្នុងបទថា ពហុសច្ចេនបិ អកតំ ហោតិ នេះ សេចក្តីថា ការដែលគួរធ្វើដោយសេចក្តីព្យាយាម ក៏ឈ្មោះថា មិនបានធ្វើ ព្រោះមិនបានធ្វើសេចក្តីព្យាយាមនោះ ទើបវិនាសចាកស្ថានសួគ៌ខ្លះ ចាកមគ្គ ខ្លះ ។