អដ្ឋកថា អភព្វសូត្រ
ម្នាលភិក្ខុទាំងឡាយ ( ប្រសិនបើ ) ធម៌ទាំង ៣ នេះមិនមាន ក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសម្តែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោក ដែរ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺជាតិ ១ ជរា ១ មរណៈ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ( ប្រសិនបើ ) ធម៌ទាំង ៣ នេះមិនមានក្នុងលោកទេ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគត សម្តែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោកព្រោះហេតុណា ព្រោះហេតុនោះ ទើប ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធកើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យដែលព្រះតថាគតសម្តែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់ រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ ជរា លះបង់មរណៈបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន ទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់ វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាស បានទេ ។