អដ្ឋកថា បុណ្ណិយសូត្រ

ក្បាលទី 31 · ទំព័រ 633

ក្នុងអានន្ទសូត្រទី ២ មានអត្ថងាយយល់ហើយ ។ គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះបុណ្ណិយៈដ៏មានអាយុអង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុ ដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនាប្រាកដដល់ព្រះតថាគត ក្នុង កាលខ្លះ មិនប្រាកដ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលបុណ្ណិយៈ ភិក្ខុ ជាអ្នកមានសទ្ធា តែមិនចូលទៅរកដរាបណា ធម្មទេសនាមិនប្រាកដដល់ព្រះតថាគត ដរាបនោះ ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរក ផង យ៉ាងនេះ ទើបធម្មទេសនាប្រាកដដល់ព្រះតថាគត ម្នាលបុណ្ណិយៈ ភិក្ខុ អ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត … ចូលទៅអង្គុយ ជិតហើយ តែមិនសាកសួរ … សាកសួរហើយ តែមិនផ្ចង់ត្រចៀកស្តាប់ធម៌ … ផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែស្តាប់មិនចាំធម៌ … ស្តាប់ចាំធម៌ទុកហើយ តែ មិនពិចារណានូវអត្ថនៃធម៌ដែលខ្លួនចាំទុកហើយ … ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថ មិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ … ដឹងអត្ថ ដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោល ពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចា ឥតទោស ញ៉ាំងជនដទៃឲ្យដឹងនូវអត្ថបាន មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញ៉ាំងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនារមែងមិនប្រាកដដល់ព្រះតថាគតដរាបនោះទេ ។