ព្យសនសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 662

ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកជេរ ប្រទេច ផ្តាសា ពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរនោះ មិនមែនជា ហេតុ មិនមែនជាបច្ច័យ ដែលមិននាំឲ្យភិក្ខុនោះ គប្បីដល់នូវសេចក្តីវិនាស ទាំង ១០ ប្រការ សេចក្តីវិនាសណាមួយទេ ។ សេចក្តីវិនាសទាំង ១០ ប្រការ តើដូចម្តេចខ្លះ ។ បុគ្គលនោះ មិនបាននូវគុណធម៌ ដែលខ្លួនមិនទាន់ បាន ១ សាបសូន្យចាកគុណធម៌ដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់ បុគ្គលនោះមិនផូរផង់ ១ ជាអ្នកស្មានហួសហេតុក្នុងព្រះសទ្ធម្ម ១ ប្រព្រឹត្ត ព្រហ្មចារ្យទាំងមិនមានសេចក្តីត្រេកអរ ១ ត្រូវអាបត្តិណាមួយ ដែលសៅហ្មង ១ ប្រទះសេចក្តីទុក្ខព្រោះរោគដ៏ធ្ងន់ ១ ដល់នូវការឆ្កួតរាយមាយចិត្ត ១ ធ្វើ មរណៈទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯ អបាយ ទុគ្គតិ វិនិបាត នរក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជេរ ប្រទេច ផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ ដំណើរ នោះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដែលមិនមែននាំឲ្យភិក្ខុនោះ គប្បី ដល់នូវសេចក្តីវិនាសទាំង ១០ ប្រការនេះ សេចក្តីវិនាសណាមួយទេ ។