អដ្ឋកថា ទិដ្ឋិសូត្រ

ក្បាលទី 31 · ទំព័រ 698

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចេញអំពីក្រុងសាវត្ថីទាំងថ្ងៃត្រង់ ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ ។ ទើប អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះជាកាលមិនគួរ ដើម្បីទៅគាល់ព្រះមានព្រះភាគទេ ដ្បិតព្រះមានព្រះភាគកំពុងសម្ងំ កាលនេះ ជាកាលមិនគួរដើម្បីទៅជួបនឹងពួកភិក្ខុ អ្នកចម្រើនសមាធិចិត្តទេ ដ្បិតពួកភិក្ខុ អ្នកចម្រើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅ ឯអារាម ពួកអន្យតិរ្ថិយបរិព្វាជកសិន ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅឯអារាម ពួកអន្យតិរ្ថិយបរិព្វាជក ។ សម័យនោះឯង ពួកអន្យតិរ្ថិយបរិព្វាជក ប្រជុំគ្នា មកជួបជុំ និយាយគ្នាកោកកាក គឹកកងរំពង ហើយ អង្គុយជជែកគ្នាពីតិរច្ឆានកថាផ្សេងៗ ។ អន្យតិរ្ថិយបរិព្វាជកទាំងនោះ បាន ឃើញអនាថបិណ្ឌិកគហបតី កំពុងដើរមកពីចម្ងាយ លុះឃើញហើយក៏ឃាត់ គ្នីគ្នាថា អ្នកទាំងឡាយនិយាយតិចៗ អ្នកទាំងឡាយកុំនិយាយខ្លាំង ( ព្រោះ ) អនាថបិណ្ឌិកគហបតីនេះ ជាសាវ័កនៃសមណគោតមគាត់មក ពួកគ្រហស្ថ អ្នកស្លៀកពាក់ស ជាសាវ័កនៃសមណគោតម ដែលនៅក្នុងក្រុងសាវត្ថីទាំង ប៉ុន្មាន បណ្តាគ្រហស្ថជាសាវ័កទាំងនោះ អនាថបិណ្ឌិកគហបតីនេះ ជាសាវ័ក ម្នាក់ដែរ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់ខាងតែ សំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេច ឲ្យទាល់តែ អនាថបិណ្ឌិកគហបតីសម្គាល់បរិស័ទ មានសំឡេងតិចថា គួរចូលមកបាន ។