វជ្ជិយសូត្រ

ក្បាលទី 31 · ទំព័រ 706

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះ បោក្ខរណី ឈ្មោះគគ្គរា ទៀបក្រុងចម្បា ។ គ្រានោះ វជ្ជិយមាហិតគហបតី ចេញអំពីក្រុងចម្បាទៅទាំងថ្ងៃត្រង់ ដើម្បីគាល់ព្រះដ៏មានព្រះភាគ ។ លំដាប់ នោះ វជ្ជិយមាហិតគហបតីមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះ ជាកាល មិនគួរដើម្បីគាល់ព្រះដ៏មានព្រះភាគទេ ដ្បិតព្រះដ៏មានព្រះភាគ កំពុងសម្ងំ កាលនេះ ជាកាលមិនគួរដើម្បីឲ្យជួបភិក្ខុទាំងឡាយ អ្នកចម្រើនសមាធិចិត្តទេ ដ្បិតភិក្ខុទាំងឡាយ អ្នកចម្រើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែ អាត្មាអញចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជកសិនចុះ ។ លំដាប់ នោះ វជ្ជិយមាហិតគហបតី ចូលទៅឯអារាមរបស់ពួកអន្យតិរ្ថិយបរិព្វាជក ។ សម័យនោះ ពួកអន្យតិរ្ថិយបរិព្វាជកប្រជុំគ្នា មកជួបជុំនិយាយគ្នាកោកកាក គឹកកង រំពង អង្គុយជជែកគ្នាពីតិរច្ឆានកថាផ្សេងៗ ។ អន្យតិរ្ថិយបរិព្វាជក ទាំងនោះ បានឃើញវជ្ជិយមាហិតគហបតី កំពុងដើរមកពីចម្ងាយ លុះឃើញ ហើយ ក៏ឃាត់គ្នីគ្នាថា អ្នកទាំងឡាយនិយាយតិចៗ អ្នកទាំងឡាយកុំនិយាយ ខ្លាំង ( ព្រោះ ) វជ្ជិយមាហិតគហបតីនេះ ជាសាវ័កសមណគោតមគាត់មក ។ ពួកគ្រហស្ថអ្នកស្លៀកពាក់ស ជាសាវ័កសមណគោតម ដែលនៅក្នុងក្រុង ចម្បាទាំងបុន្មាន បណ្តាគ្រហស្ថជាសាវ័កទាំងនោះ វជ្ជិយមាហិតគហបតីនេះ ជាសាវ័កម្នាក់ដែរ ។ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់ តែសំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេចឲ្យទាល់តែ វជ្ជិយមាហិតគហបតីសម្គាល់បរិស័ទ មានសំឡេងតិចថា គួរចូលមករក ។ ទើបបរិព្វាជកទាំងនោះ នាំគ្នាស្ងៀម ។ លំដាប់នោះ វជ្ជិយមាហិតគហបតី ចូលទៅរកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់