អដ្ឋកថាឧត្តិយសូត្រ

ក្បាលទី 31 · ទំព័រ 717

គប្បីជ្រាបវិនិច្ឆ័យក្នុងឧត្តិយសូត្រទី ៥ ដូចតទៅនេះ បទថា តុណ្ហី អហោសិ សេចក្តីថា ឧត្តិយបរិព្វាជកតាំងនៅក្នុងសត្តូបលទ្ធិ គឺលទ្ធិ ថា មានសត្វ ទើបសួរក្នុងសេចក្តីដែលមិនគួរសួរ ហេតុនោះ ទើបព្រះមាន ព្រះភាគទ្រង់ស្ងៀម ។ បទថា សព្វំ សាមុក្កំសិកំ វត មេ សេចក្តីថា ព្រះសមណគោតម ត្រូវយើងសួរពាក្យដ៏ខ្ពស់បំផុតនៃពាក្យសួរគ្រប់យ៉ាង ក៏ ស្ងៀមមិនឆ្លើយ បែបមិនអាចនឹងឆ្លើយបានពិត អ្នកកុំបីមានការឃើញខុស ដូចដែលពោលមកនេះឡើយ ។ បទថា តទស្ស បានដល់ ទិដ្ឋិនោះ គប្បី កើតឡើងយ៉ាងនេះ ។ បទថា បច្ចន្តិមំ សេចក្តីថា ព្រោះហេតុដែលថែវ និងកំពែងជាដើមនៃ នគរក្នុងមជ្ឈិមប្រទេស មាំទាំ ឬទន់ជ្រាយ ឬមិនជាទីដែលចោររង្កៀសដោយ ប្រការទាំងពួង ដូច្នោះ ទ្រង់មិនកាន់យកសេចក្តីនោះ ទើបត្រាស់ថា បច្ចន្តិមំ នគរំ ។ បទថា ទឡទ្ទាលំ ប្រែថា មានកំពែងរឹង ។ បទថា ទឡប្បាការតោរណំ បានដល់ មានកំពែងរឹង និងមានសន្ទះទ្វាររឹង ។ ព្រោះហេតុអ្វី ទើបត្រាស់ថា មានទ្វារមួយ ព្រោះថា ក្នុងនគរដែលមានទ្វារច្រើន ចាំបាច់ មានអ្នករក្សាទ្វារ ដែលឈ្លាសច្រើននាក់ ទ្វារមួយមនុស្សម្នាក់ក៏ល្មម ។ មនុស្សដទៃដែលស្មើដោយបញ្ញារបស់ព្រះតថាគតមិនមាន ព្រោះដូច្នោះ ទើប ពោលថា មានទ្វារមួយ ដើម្បីសម្តែងការប្រៀបធៀបដែលព្រះសាស្តា ទ្រង់ ជាបណ្ឌិត និងដូចអ្នកយាមទ្វារ ដូច្នោះ ។ បទថា បណ្ឌិតោ បានដល់ ប្រកបដោយភាពជាបណ្ឌិត ។ បទថា ព្យត្តោ បានដល់ ប្រកបដោយភាពជាអ្នកអាច ។ បទថា មេធាវី បានដល់ ប្រកបដោយមេធា ពោល គឺបញ្ញាដឹងការកើតនៃឋានៈ ។ បទថា អនុបរិយាយបថំ បានដល់ កំពែងដែលមានឈ្មោះថា ផ្លូវជិតកំពែង ។ បទថា បការសន្ធឹ បានដល់ ទីដែលមិនមានឥដ្ឋ ២ ដុំ ។