ឧបាលិសូត្រ

ក្បាលទី 31 · ទំព័រ 731

ម្នាលឧបាលិ ដូចជាអន្លង់ទឹកធំ ក្នុងកាលនោះ ដំរីដ៏ប្រសើរមានកម្ពស់ ៧ ហត្ថ ឬ ៧ ហត្ថកន្លះ គប្បីដើរមក ដំរីនោះ មានគំនិតយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចុះកាន់អន្លង់ទឹកនេះ លាងស្លឹកត្រចៀកលេងផង លាងខ្នង លេងផង លុះលាងស្លឹកត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផងសិន សឹមឡើងដើរចេញទៅតាមប្រាថ្នា ។ ដំរីនោះ ក៏ចុះទៅកាន់អន្លង់ ទឹក ហើយលាងស្លឹកត្រចៀកលេងផង លាងខ្នងលេងផង លុះលាងស្លឹក ត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផង ហើយឡើងដើរ ចេញទៅតាមប្រាថ្នា ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលឧបាលិ ព្រោះថា អត្តភាព ( នៃដំរីនោះ ) ធំ តែងបាននូវទីពឹងក្នុងអន្លង់ដ៏ជ្រៅ កាលបើ សត្វទន្សាយ ឬសំពោចដើរមក ទន្សាយ ឬសំពោចនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចុះអញជាអ្វីទៅ ដំរីជាអ្វីទៅ បើដូច្នោះ មានតែអញចុះទៅកាន់ អន្លង់ទឹកនេះ លាងស្លឹកត្រចៀកលេងផង លាងខ្នងលេងផង លុះលាងស្លឹក ត្រចៀកលេង លាងខ្នងលេងរួចហើយ ក៏ងូតផង ផឹកផងរួចសិន សឹមឡើង ដើរចេញទៅតាមប្រាថ្នា ។ សត្វនោះ មិនបានពិចារណាអន្លង់ទឹកនោះដោយ រហ័ស សេចក្តីប៉ុនប៉ងនុ៎ះ របស់សត្វនោះ នឹងលឹបបាត់ទៅវិញ ឬនឹងរសាត់ អណ្តែតបាត់ទៅវិញមិនខាន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលឧបាលិ ព្រោះថា អត្តភាពវាតូច មិនត្រូវបានទីពឹងក្នុងអន្លង់ដ៏ជ្រៅទេ សេចក្តីនេះ ឧបមាយ៉ាងណា ។ ម្នាលឧបាលិ ឧបមេយ្យដូចជាបុគ្គលណា ពោលយ៉ាង នេះថា អាត្មាអញ កាលបើមិនបានសមាធិ នឹងចូលទៅអាស្រ័យ គប់រក សេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សេចក្តីប៉ុនប៉ងនុ៎ះ របស់ភិក្ខុនោះ នឹងលឹបបាត់ទៅវិញ ឬនឹងរសាត់អណ្តែតបាត់ទៅវិញមិនខាន ។