ពោជ្ឈង្គសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 751

ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ( អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង ) ៧ យ៉ាងនេះ ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញ៉ាំង វិជ្ជា ៣ ប្រការឲ្យពេញលេញបាន ។ យ៉ាង តើអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើន ហើយ រមែងញ៉ាំងវិជ្ជា ៣ ប្រការ ឲ្យពេញលេញបាន ។ វិជ្ជា ៣ ប្រការ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងរពឫកឃើញនូវ បុព្វេនិវាសច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ។ បេ ។ រមែង រពឫកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយ ប្រការដូច្នេះ ១ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធកន្លងបង់នូវចក្ខុរបស់មនុស្ស ។ បេ ។ រមែងដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម ១ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ។ បេ ។ ធ្វើឲ្យជាក់ច្បាស់ហើយ សម្រេចសម្រាន្តនៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញ៉ាំងវិជ្ជា ៣ ប្រការនេះ ឲ្យពេញលេញបាន ។