អសេក្ខសូត្រ
ក្បាលទី 31 · ទំព័រ 776
គ្រានោះ ភិក្ខុ ១ រូបបានចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគយ៉ាង នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គទ្រង់ត្រាស់ថា អសេក្ខៈ អសេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាអសេក្ខៈ តើដោយហេតុបុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ ប្រកបដោយសម្មាសង្កប្បៈ ជាអសេក្ខៈ ប្រកបដោយសម្មាវាចា ជាអសេក្ខៈ ប្រកបដោយសម្មាកម្មន្តៈ ជាអសេក្ខៈ ប្រកបដោយសម្មាអាជីវៈ ជាអសេក្ខៈ ប្រកបដោយសម្មាវាយាមៈ ជាអសេក្ខៈ ប្រកបដោយសម្មាសតិ ជាអសេក្ខៈ ប្រកបដោយសម្មាសមាធិ ជាអសេក្ខៈ ប្រកបដោយសម្មាញាណៈ ជាអសេក្ខៈ ប្រកបដោយសម្មាវិមុត្តិ ជាអសេក្ខៈ ។ ម្នាលភិក្ខុ ( ភិក្ខុ ) ជាអសេក្ខៈយ៉ាង នេះឯង ។