អាជិនសូត្រ
គ្រានោះ អាជិនបរិព្វាជក បានចូលទៅគាល់ព្រះមានព្រះភាគ លុះបានចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុង ទីសមគួរ លុះអាជិនបរិព្វាជកអង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន សព្រហ្មចារីរបស់យើងខ្ញុំ ឈ្មោះថា ជាបណ្ឌិត ( ព្រោះ ) ពួកអន្យតិរ្ថិយ ដែលសព្រហ្មចារីនោះ សង្កត់សង្កិនហើយ ដោយចិត្តុប្បាទ ចំនួន ៥០០ រមែងដឹងខ្លួនថា ពួកយើង ត្រូវគេសង្កត់សង្កិនហើយ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុ មកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវបណ្ឌិតវត្ថុដែរឬទេ ។ ព្រះមានព្រះភាគទ្រង់សម្តែងភាសិតណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ភាសិតនុ៎ះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរដល់ភាសិត នុ៎ះ ពួកភិក្ខុលុះបានស្តាប់នូវភាសិត របស់ព្រះមានព្រះភាគហើយ នឹងចាំទុក បាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើ ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ ។ ទើបឯព្រះមាន ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងសង្កត់សង្កិន ញាំញីនូវវាទៈ ដែលមិនប្រកបដោយធម៌ ដោយវាទៈ ដែលមិនប្រកបដោយធម៌ រមែងដឹកនាំបរិស័ទដែលមិនប្រកបដោយធម៌ ឲ្យត្រ េកអរដោយវាទៈនោះផង ព្រោះហេតុនោះ បរិស័ទដែលមិនប្រកបដោយ ធម៌នោះ ជាអ្នកមានសំឡេងខ្ពស់សំឡេងខ្លាំងថា ឱហ្ន៎ ជននេះជាបណ្ឌិត ឱហ្ន៎ ជននេះជាបណ្ឌិត ។