សគារវសូត្រ

ក្បាលទី 31 · ទំព័រ 798

គ្រានោះ សគារវព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាត្រើយខាងអាយ អ្វីជាត្រើយ ខាងនាយ ។ ម្នាលព្រាហ្មណ៍ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជា ត្រើយខាងនាយ មិច្ឆាសង្កប្បៈ ជាត្រើយខាងអាយ សម្មាសង្កប្បៈ ជាត្រើយ ខាងនាយ មិច្ឆាវាចា ជាត្រើយខាងអាយ សម្មាវាចា ជាត្រើយខាងនាយ មិច្ឆាកម្មន្តៈ ជាត្រើយខាងអាយ សម្មាកម្មន្តៈ ជាត្រើយខាងនាយ មិច្ឆាអាជីវៈ ជាត្រើយខាងអាយ សម្មាអាជីវៈ ជាត្រើយខាងនាយ មិច្ឆាវាយាមៈ ជាត្រើយខាងអាយ សម្មាវាយាមៈ ជាត្រើយខាងនាយ មិច្ឆាសតិ ជាត្រើយ ខាងអាយ សម្មាសតិ ជាត្រើយខាងនាយ មិច្ឆាសមាធិ ជាត្រើយខាងអាយ សម្មាសមាធិ ជាត្រើយខាងនាយ មិច្ឆាញាណៈ ជាត្រើយខាងអាយ សម្មាញាណៈ ជាត្រើយខាងនាយ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ ។ ម្នាលព្រាហ្មណ៍ នេះជាត្រើយខាងអាយ នេះជាត្រើយ ខាងនាយ ។ បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយ ខាងនាយ ( ព្រះនិព្វាន ) ពួកជននោះមានប្រមាណតិច ឯសត្វក្រៅពីនេះរមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ ( នេះច្រើនជាង ) ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុង ធម៌ ដែលតថាគតសម្តែងហើយ ដោយប្រពៃ ពួកជន នោះ ( បានឆ្លង ) នូវវដ្តៈជាទីនៅនៃមច្ចុ ដែលសត្វ កម្រឆ្លងបាន ដោយក្រក្រៃពេក ហើយនឹងដល់នូវត្រើយ ខាងនាយ គឺព្រះនិព្វាន ។