អដ្ឋកថាសគារវសូត្រ

ក្បាលទី 31 · ទំព័រ 800

គប្បីជ្រាបវិនិច្ឆ័យក្នុងសគារវសូត្រទី ៥ ដូចតទៅនេះ បទថា ឱរិមំ តីរំ បានដល់ លោកិយ ឈ្មោះថា ត្រើយអាយ ។ បទថា បរិមំ តីរំ បានដល់ លោកុត្តរ ឈ្មោះថា ត្រើយនាយ ។ បទថា បរគាមិនោ បានដល់ ដល់នូវព្រះនិព្វាន ។ បទថា តិរមេវានុធាវតិ បានដល់ ស្ទុះទៅកាន់ត្រើយអាយ គឺសក្កាយទិដ្ឋិ ។ បទថា ធម្មេ ធម្មានុវត្តិនោ សេចក្តីថា ប្រព្រឹត្តតាមសមគួរក្នុងលោកុត្តរធម៌ ៩ ដែលត្រាស់ហើយដោយប្រពៃ បានដល់ ប្រព្រឹត្តតាមបដិបទាខាងដើម មួយ អន្លើដោយសីល ដែលសមគួរដល់ធម៌នោះ ។ បទថា មច្ចុធេយ្យំ សុទុត្តរំ បានដល់ ឆ្លងវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាទីតាំងនៃមច្ចុមារដែល ឆ្លងបានលំបាក ។ បទថា បរមេស្សន្តិ បានដល់ នឹងសម្រេចព្រះនិព្វាន ។ បទថា ឱកា អនោកមាគម្ម បានដល់ អាស្រ័យវិវដ្តៈអំពីវដ្តៈ ។ បទថា វិវេកេ យត្ថ ទូរមំ ប្រែថា គប្បីប្រាថ្នាការត្រេកអរក្រៃលែងក្នុងកាយវិវេក ចិត្តវិវេក និងឧបធិវិវេក ដែលត្រេកអរបានលំបាកក្រៃលែង ។ បទថា ហិត្វា កាមេ បានដល់ លះកាមទាំង ២ ។ បទថា អកិញ្ចនោ ប្រែថា កិលេស ជាគ្រឿងកង្វល់ ។ បទថា អាទានប្បដិនិស្សគ្គេ បានដល់ ក្នុងព្រះនិព្វាន ពោល គឺការលះបង់នូវការប្រកាន់មាំ ។ បទថា អនុបទាយ យេ រតា សេចក្តីថា ជនពួកណា មិនប្រកាន់ សូម្បីវត្ថុណាមួយ ដោយឧបាទាន ៤ ត្រេកអរក្រៃលែងហើយ ។ បទថា បរិនិព្វុតា បានដល់ ជនទាំងនោះ គប្បី ជ្រាបថា ឈ្មោះថា បរិនិព្វានហើយ ដោយអប្បច្ចយបរិនិព្វាន ។