អដ្ឋកថា ឱរិមសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវត្រើយខាងអាយ ផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវ ពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ ។ បេ ។ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ត្រើយខាងអាយ នេះ ហៅថា ត្រើយខាងនាយ ។ បណ្តាមនុស្សទាំងឡាយ ពួកជនណាបានដល់នូវត្រើយ ខាងនាយ ( ព្រះនិព្វាន ) ពួកជននោះមានប្រមាណតិច ឯសត្វក្រៅពីនេះរមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ ( នេះច្រើនជាង ) ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុង ធម៌ ដែលតថាគតសម្តែងហើយដោយប្រពៃ ពួកជន នោះ បានឆ្លងនូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វឆ្លងបាន ដោយក្រក្រៃពេក ហើយនឹងបានដល់នូវត្រើយខាង នាយ គឺព្រះនិព្វាន ។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចម្រើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិព្វាន ដែលមិនមានអាល័យ ការ ត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិន មានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរក្នុងវិវេកនោះ បណ្ឌិត គប្បីធ្វើខ្លួន ឲ្យផូរផង់ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ ។