ទុតិយបច្ចោរោហណិសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវការជម្រះបាបដ៏ ប្រសើរដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងចាំស្តាប់ពាក្យនោះចុះ … ម្នាលភិក្ខុទាំងឡាយ ការជម្រះបាបដ៏ប្រសើរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា ផលដ៏លាមករបស់ មិច្ឆាទិដ្ឋិ ( តែងមាន ) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវ័ក នោះពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាទិដ្ឋិចេញ ឈ្មោះថា ជម្រះមិច្ឆាទិដ្ឋិ ផលដ៏លាមករបស់មិច្ឆាសង្កប្បៈ … របស់មិច្ឆាវាចា … របស់មិច្ឆាកម្មន្តៈ … របស់មិច្ឆាអាជីវៈ … របស់មិច្ឆាវាយាមៈ … របស់មិច្ឆាសតិ … របស់មិច្ឆាសមាធិ … របស់មិច្ឆាញាណៈ … ផលដ៏លាមករបស់មិច្ឆាវិមុត្តិ ( តែង មាន ) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវ័កនោះពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជម្រះមិច្ឆាវិមុត្តិ ។ ម្នាល ភិក្ខុទាំងឡាយ នេះតថាគត ហៅថា ការជម្រះបាបដ៏ប្រសើរ ។