អាសវសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 810

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះ ដែល ភិក្ខុចម្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះឯង ដែលភិក្ខុចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្ត ទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ បច្ចោរោហណិវគ្គទី ២ ចប់ ឧទ្ទាននៃបច្ចោរោហណិវគ្គនោះ គឺ និយាយអំពីសេចក្តីចម្រើន ១ សភាពមិនមែនធម៌ ១ អជិតបរិព្វាជក ១ សគារវព្រាហ្មណ៍ ១ ធម៌ជាត្រើយ ខាងអាយពីរលើក ការជម្រះបាប ១ ប្រធាននៃសម្មាទិដ្ឋិ ប្រៀបដោយព្រះអាទិត្យ ១ ធម៌ធ្វើឲ្យអស់ទៅនៃ អាសវៈ ១ ។