អដ្ឋកថា សាធុសូត្រ

ក្បាលទី 31 · ទំព័រ 819

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីចម្រើនផង សេចក្តីមិនចម្រើនផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមាន ព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ សេចក្តីត្រិះរិះខុស ១ សម្តីខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ សេចក្តីព្យាយាមខុស ១ ការរពឫកខុស ១ ការតម្កល់ ចិត្តមាំខុស ១ ការដឹងខុស ១ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា សេចក្តីមិនចម្រើន ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សម្តីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរពឫកត្រូវ ១ ការតម្កល់ចិត្ត មាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា សេចក្តីចម្រើន ។