អរិយធម្មសូត្រជាដើម

ក្បាលទី 31 · ទំព័រ 820

គប្បីជ្រាបវិនិច្ឆ័យក្នុងសាធុសូត្រទី ១ នៃសាធុវគ្គទី ៤ ដូចតទៅនេះ បទថា សាធុំ បានដល់ ចម្រើនស្អាតស្អំ ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវធម៌ដ៏ប្រសើរផង ធម៌មិនប្រសើរផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមាន ព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម៌មិនប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។ បេ ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ធម៌មិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដ៏ប្រសើរ តើអ្វីខ្លះ ។ គឺ សេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ធម៌ដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវកុសលធម៌ផង អកុសលធម៌ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម៌នោះ ចូរ ធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះទទួលស្តាប់ ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ តើអ្វីខ្លះ ។ គឺសេចក្តី យល់ខុស ១ ។ បេ ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ តើអ្វីខ្លះ ។ គឺសេចក្តីយល់ ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលធម៌ ។