បឋមបច្ចោរោហណិសូត្រជាដើម

ក្បាលទី 31 · ទំព័រ 836

សម័យនោះឯង ព្រាហ្មណ៍ឈ្មោះជាណុស្សោណិ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់ ១ ក្តាប់ ឈរនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានឃើញជាណុស្សោណិព្រាហ្មណ៍ កក់ក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់ស្បូវស្រស់មួយក្តាប់ ឈរនៅក្នុង ទីសមគួរ លុះឃើញហើយ ក៏ទ្រង់ត្រាស់នឹងជាណុស្សោណិព្រាហ្មណ៍ដូច្នេះ ថា ម្នាលព្រាហ្មណ៍ ហេតុដូចម្តេចហ្ន៎ បានជាអ្នកកក់ក្បាលក្នុងថ្ងៃឧបោសថ នោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់មួយក្តាប់ ឈរនៅក្នុងទីសមគួរ ចុះការងារដូចម្តេចរបស់ត្រកូលព្រាហ្មណ៍ក្នុងថ្ងៃនេះ ។ បពិត្រព្រះគោតមដ៏ចម្រើន ថ្ងៃនេះ ទុកជាថ្ងៃបន្សាត់បង់នូវបាប របស់ត្រកូល ព្រាហ្មណ៍ ។ ម្នាលព្រាហ្មណ៍ ការបន្សាត់បង់នូវបាប របស់ព្រាហ្មណ៍ទាំងឡាយ ដូចម្តេចទៅ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ទាំងឡាយក្នុង លោកនេះ តែងកក់ក្បាលក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បក ឈើដ៏ថ្មី លញ់នូវផែនដីដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយ ដ៏ខៀវ ហើយដេកក្នុងចន្លោះ នៃគំនរដីខ្សាច់ផង ក្នុងចន្លោះរោងភ្លើងផង ។ ព្រាហ្មណ៍ទាំងឡាយនោះ តែងក្រោកឡើង ៣ ដងក្នុងរាត្រីនោះ ហើយផ្គង អញ្ជលីនមស្ការចំពោះភ្លើងថា យើងទាំងឡាយបន្សាត់បង់នូវបាប នឹងលោក ដ៏ចម្រើន យើងទាំងឡាយបន្សាត់បង់នូវបាប នឹងលោកដ៏ចម្រើន ទើបញ៉ាំង ភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ និងប្រេង និងទឹកដោះខាប់ដ៏ច្រើន ។ លុះកន្លងរាត្រី នោះទៅហើយ ក៏ញ៉ាំងព្រាហ្មណ៍ទាំងឡាយ ឲ្យឆ្អែតដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ។