អដ្ឋកថាជាណុស្សោណិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងជាណុស្សោណិសូត្រទី ១១ ដូចតទៅនេះ បទថា ឧបកប្បតុ ប្រែថា សម្រេច ។ បទថា ឋានេ បានដល់ ក្នុង ឱកាស ។ បទថា នោ អដ្ឋានេ បានដល់ មិនមែនជាអដ្ឋានៈ ។ កម្មដែល ឲ្យកើតក្នុងនរកនោះឯង ឈ្មោះថា អាហាររបស់ពួកសត្វនរក ដ្បិតថា ពួកស ត្វនរកនោះ ប្រព្រឹត្តទៅបានក្នុងនរកនោះ ដោយកម្មនោះឯង ។ ឯអាហារ របស់ពួកសត្វតិរច្ឆាន ក៏គប្បីជ្រាប គឺស្លឹកស្មៅជាដើម ។ របស់ពួកមនុស្សមាន បាយ នំស្រស់ជាដើម របស់ទេវតា គឺសុទ្ធាភោជនដែលជាអាហារទិព្វ ជាដើម របស់ពួកសត្វដែលកើតក្នុងបិត្តិវិស័យ គឺទឹកមាត់ ទឹកសម្បោរ ជាដើម ។ បទថា យំ វា បនស្ស ឥតោ អនុប្បវេច្ឆន្តិ សេចក្តីថា ពួកមិត្រជាដើមឲ្យទាន ឧទ្ទិសផលទៅឯណាទៅ អំពីលោកនេះ ។ ពួកសត្វ ដែលកើតក្នុងបិត្តិវិស័យបុណ្ណោះ រមែងរស់នៅបានដោយផលបុណ្យនោះ ដែលបុគ្គលដទៃឧទ្ទិសទៅឲ្យ ។ ផលបុណ្យដែលមនុស្សទាំងនោះឧទ្ទិសឲ្យ មិនសម្រេចដល់សត្វដទៃ ។ បទថា ទាយកោបិ អនិប្ផលោ សេចក្តីថា ទានដែលថ្វាយនោះ សំដៅ យកសត្វណា សម្រេច ឬមិនសម្រេចក៏ដោយ ចំណែកទាយកក៏មិនឥតផល ទាយករមែងបានផលនៃទាននោះពិត ។ ក្នុងបទថា អដ្ឋានេបិ ភវំ គោតមោ បរិកប្បំ វទតិ សេចក្តីថា ជាណុស្សោណិព្រាហ្មណ៍សួរថា កាលញាតិនោះ មិនកើតឡើង ក្នុងទីមិនមែនឱកាស ព្រះគោតមនៅតែបញ្ញត្តថា ផលទាន គង់សម្រេចទៀតឬ ។ ពិតហើយ ព្រាហ្មណ៍មានលទ្ធិប្រកាន់ថា ផលទាន ដែលឲ្យយ៉ាងនេះ ទាយកដែលឲ្យរមែងមិនបាន ។ កាលនោះ ព្រះមានព្រះភាគ ទ្រង់យល់បញ្ញារបស់ជាណុស្សោណិព្រាហ្មណ៍នោះ ដើម្បីទ្រង់សម្តែង ថា ធម្មតាទាយកកើតក្នុងទីណាមួយ អាស្រ័យផលបុណ្យចិញ្ចឹមជីវិតក្នុង ទីណាមួយ រមែងបានផលនៃទានទាំងនោះ ទើបត្រាស់ថា ឥធ ព្រាហ្មណ ជាដើម ។