សេវិតព្វាសេវិតព្វវគ្គ
ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរសេពគប់ឡើយ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺបុគ្គលជាអ្នក សម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា ១ មានចិត្តព្យាបាទ ១ មានសេចក្តីយល់ខុស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង មិន គួរសេពគប់ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ ទើបគួរសេពគប់ ។ ធម៌ ១០ ប្រការ តើដូចម្តេច ។ គឺបុគ្គលជាអ្នក វៀរស្រឡះចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាក បិសុណវាចា ១ វៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាប ១ ជាអ្នកមិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង ទើប គួរសេពគប់ ។ ( ក្នុងទីនេះ បណ្ឌិតត្រូវរាប់សូត្រមាន ២០០ សូត្រជាដើម ដោយអំណាចបេយ្យាលៈ ) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយ ធម៌ ១០ ប្រការ មិនគួរគប់រកឡើយ … គួរគប់រក … មិនគួរចូលទៅអង្គុយ ជិត … គួរចូលទៅអង្គុយជិត … ជាបុគ្គលមិនគួរបូជា … គួរបូជា … មិនគួរ សរសើរ … គួរសរសើរ … មិនគួរគោរព … គួរគោរព … មិនគួរកោត ក្រែង … គួរកោតក្រែង … មិនគួរប្រោសប្រាណ … គួរប្រោសប្រាណ … មិនបរិសុទ្ធ … បរិសុទ្ធ … មិនគ្របសង្កត់នូវមានះ … គ្របសង្កត់នូវមានះ … មិនចម្រើនដោយប្រាជ្ញា … ចម្រើនដោយប្រាជ្ញា … រមែងបានបាបច្រើន … រមែងបានបុណ្យច្រើន ។