អដ្ឋកថាតតិយកម្មសូត្រ

ក្បាលទី 31 · ទំព័រ 931

គប្បីជ្រាបវិនិច្ឆ័យក្នុង តតិយកម្មសូត្រ ៨ ដូចតទៅនេះ បទថា ទុក្ខស្ស បានដល់ ទុក្ខដែលជាវិបាក ឬទុក្ខក្នុងវដ្តៈ ក្នុងសូត្រនេះ មិនមាន ឧបមាដោយកូនបាសកា ។ ពាក្យថា ឯវំ ក្នុងបទថា ឯវំ វិគតាភិជ្ឈោ នេះ ត្រឹមតែជានិបាត ។ ម្យ៉ាងទៀត ជនទាំងឡាយ ចម្រើនមេត្តា រមែងជាបុគ្គល ប្រាសចាកអភិជ្ឈា យ៉ាងណា ព្រះអរិយសាវ័ក ក៏ជាអ្នកប្រាសចាកអភិជ្ឈា ដូច្នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការដែលព្រះអរិយសាវ័កនោះ សង្កត់នីវរណៈបាន ដោយភាពជាបុគ្គលប្រាសចាកអភិជ្ឈាជាដើម យ៉ាងនេះ ហើយ កាលត្រាស់និស្សរណៈ គឺការស្ទុះចេញទៅអំពីអកុសល ទើបត្រាស់ថា មេត្តាសហគតេន ជាដើម ។ បទថា អប្បាមាណំ បានដល់ ឈ្មោះថា មិនមានប្រមាណ ព្រោះជាបុគ្គលមានសត្វមិនមានប្រមាណជាអារម្មណ៍ ឬ ព្រោះជាបុគ្គលដែលមានការជំនាញសន្សំហើយ កាមាវចរកម្ម ឈ្មោះថា កម្ម ដែលធ្វើដោយប្រមាណ ។ បទថា ន តំ តត្រាវតិដ្ឋតិ សេចក្តីថា កាមាវចរកម្មនោះ មិនអាចកាន់យកឱកាសរបស់ខ្លួន តាំងនៅបាន ដូចទឹកតិចតួច ក្នុងអន្លង់ទឹកធំ ដែលពិត កម្មមិនមានប្រមាណនេះបុណ្ណោះ គ្របសង្កត់កាមាវចរ កម្មនោះដូចទឹកតិចក្នុងអន្លង់ទឹក រមែងធ្វើវិបាករបស់ខ្លួនឲ្យកើតឡើង ។ បទថា ទហរតគ្គេ ប្រែថា តាំងអំពីនៅជាកុមារ ។ បទថា នាយំ កាយោ អាទាយ គមនីយោ សេចក្តីថា មិនអាចនាំកាយនេះទៅកាន់បរលោក បាន ។ បទថា ចិត្តន្តរោ ប្រែថា មានចិត្តជាហេតុ ។ ម្យ៉ាងទៀត ប្រែថា ប្រព្រឹត្តទៅក្នុងលំដាប់ដោយចិត្តនោះឯង អធិប្បាយថា ពិតហើយ ឈ្មោះថា ទេវតា ឈ្មោះថា សត្វនរក ឈ្មោះថា សត្វតិរច្ឆាន ក៏ព្រោះបដិសន្ធិចិត្តដួងទី ២ ក្នុងលំដាប់នៃចុតិចិត្តដួងទី ១ នោះឯង ។