ព្រាហ្មណសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 934
ភាសិតសង្ខេបរបស់ព្រះគោតមដ៏ចម្រើន នេះ ខ្ញុំព្រះអង្គមិនដឹងច្បាស់នូវសេចក្តីដោយពិស្តារបានទេ ភាសិតសង្ខេប របស់ព្រះគោតមដ៏ចម្រើននេះ ខ្ញុំព្រះអង្គគប្បីដឹងនូវសេចក្តីដោយពិស្តារបាន យ៉ាងណា សូមព្រះគោតមដ៏ចម្រើន សម្តែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ព្រាហ្មណ៍នោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងដូច្នេះថា ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើដោយកាយ មាន ៣ យ៉ាង ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើដោយវាចា ៤ យ៉ាង ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើដោយចិត្ត ៣ យ៉ាង ។