អដ្ឋកថាតតិយវគ្គ

ក្បាលទី 31 · ទំព័រ 947

មានអត្ថងាយយល់ទាំងអស់ហើយ ។ ( ការរាប់នូវសូត្រ ក្នុងវគ្គទី ៤ និងវគ្គទី ៥ នេះ បណ្ឌិតគប្បីដឹង ដោយអំណាចបេយ្យាលៈ ) ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺអនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ១ បុឡុវកសញ្ញា ១ វិនីលកសញ្ញា ១ វិបុព្វកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតកសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នេះ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បុគ្គលគប្បីចម្រើន ដើម្បីដឹង ច្បាស់នូវរាគៈ ។