រឿងមេគោ និងកូនគោ

ក្បាលទី 31 · ទំព័រ 1015

បានឮថា មេគោមួយ កំពុងឈរបង្ហូរទឹកដោះឲ្យដល់កូន ព្រានម្នាក់ គិតថា អញនឹងចាក់មេគោនោះ ទើបងាដៃពួយលំពែងដងវែងទៅ លំពែង នោះឯង ហោះទៅពាល់រាងកាយមេគោនោះ ដូចស្លឹកត្នោតហើរទៅប៉ះដូច្នោះ ព្រោះកម្លាំងឧបចារភាវនាក៏មិនមែន ព្រោះកម្លាំងអប្បនាភាវនាក៏មិនមែន ព្រោះមេគោនោះ មានចិត្តអនុគ្រោះដ៏ខ្លាំងក្លាក្នុងកូនគោតែម្យ៉ាង មេត្តាមាន អានុភាពយ៉ាងនេះ ។ បទថា តុវដំ ចិត្តំ សមាធិយតិ សេចក្តីថា ចិត្តរបស់បុគ្គលដែលនៅ ដោយមេត្តា រមែងតាំងមាំបានរហ័ស ។ ភាពដែលចិត្តនោះតាំងមាំយូរមិន មាន ។ បទថា មុខវណ្ណោ វិប្បសីទតិ សេចក្តីថា មុខរបស់បុគ្គលនោះ រមែងមានពណ៌ផូរផង់ ដូចផ្លែត្នោតទុំ ដែលផុតចាកទង ដូច្នោះ ។ បទថា អសម្មុឡោ កាលំ ករោតិ សេចក្តីថា ឈ្មោះថា ការវង្វេង ក្នុងពេលជិតស្លាប់របស់បុគ្គលដែលនៅដោយមេត្តាមិនមាន រមែងមិនវង្វេង ក្នុងពេលធ្វើកាលកិរិយា ដូចបុគ្គលដេកលក់ ។ បទថា ឧត្តរឹ អប្បដិវិជ្ឈន្តោ សេចក្តីថា បុគ្គលដែលនៅដោយមេត្តា កាលមិនសម្រេចអរហត្ត ដែលជា គុណវិសេសក្រៃងលែងជាងមេត្តាសមាបត្តិ ចុតិចាកអត្តភាពនោះហើយ ទៅ កើតក្នុងព្រហ្មលោក ដូចដេកលក់ហើយភ្ញាក់ឡើង ។