អដ្ឋកថាទសមសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទសមសូត្រទី ៦ ដូចតទៅនេះ បទថា ទសមោ សេចក្តីថា គហបតីនោះ គេរាប់ក្នុងតំណែងទី ១០ ដោយអំណាច ជាតិ និងត្រកូល និងដោយការរាប់ត្រកូល ដែលជាគហបតិមហាសាល ព្រោះដូច្នោះ ទើបបុគ្គលនោះ ឈ្មោះថា ទសម នោះឯង ។ បទថា អដ្ឋកនាគរោ ប្រែថា អ្នកក្រុងអដ្ឋកៈ ។ បទថា កុក្កុដារាមេ បានដល់ អារាម ដែលកុក្កុដសេដ្ឋីកសាង ។ ក្នុងពាក្យថា តេន ភគវតា ។ បេ ។ សម្មទក្ខាតោ នេះ មានសេចក្តី សង្ខេបដូចតទៅនេះថា ទសមគហបតីសួរព្រះអានន្ទថា ព្រះមានព្រះភាគទ្រង់ ជាបុគ្គលបំពេញបារមី ៣០ ហើយ ទ្រង់កាច់បំបាក់កិលេសទាំងពួង ទ្រង់ដឹង ក្រៃលែងនូវអនុត្តរសម្មាសម្ពោធិញ្ញាណនោះ ដែលទេវតា និងមនុស្សទាំងឡាយសរសើរដោយហេតុ ៤ ប្រការ ដោយអំណាចនៃវេសារជ្ជញ្ញាណ ៤ យ៉ាង គឺទ្រង់ដឹងអធ្យាស្រ័យ និងអនុស័យរបស់សត្វទាំងឡាយនោះៗ ទ្រង់ ឃើញញេយ្យធម៌ទាំងពួង ដូចផ្លែកន្ទួតព្រៃដែលដាក់លើបាតដៃ ។ ម្យ៉ាងទៀត ទ្រង់ដឹងបុព្វេនិវាសញ្ញាណជាដើម ទ្រង់ឃើញដោយទិព្វចក្ខុ ឬទ្រង់ដឹងដោយ វិជ្ជា ៣ ដោយអភិញ្ញា ៦ ទ្រង់ឃើញដោយសមន្តចក្ខុ ដែលមិនជាប់ជំពាក់ ក្នុងលោកទាំងពួង ទ្រង់ដឹងដោយបញ្ញាដែលអាចដឹងក្នុងធម៌ទាំងពួង ឬទ្រង់ ឃើញរូបដែលកន្លងបង់នូវចក្ខុវិស័យនៃសត្វទាំងពួង និងរូបដែលនៅខាងក្រៅ ជញ្ជាំងផ្ទះជាដើម ដោយមំសចក្ខុដ៏បរិសុទ្ធក្រៃពេក ទ្រង់ឃើញដោយបដិវេធប្បញ្ញា ជាគ្រឿងត្រាស់ដឹង ដែលមានសមាធិជាបទដ្ឋាន ដែលញ៉ាំង ប្រយោជន៍ឲ្យសម្រេច ទ្រង់ឃើញដោយបញ្ញា ជាគ្រឿងសម្តែងធម៌ មាន ករុណាជាបទដ្ឋាន ដែលញ៉ាំងប្រយោជន៍អ្នកដទៃឲ្យសម្រេច ឬទ្រង់ដឹងធម៌ ដែលធ្វើនូវអន្តរាយ ទ្រង់ឃើញធម៌ដែលជាហេតុនាំសត្វចេញចាកទុក្ខ ឈ្មោះ ថា ទ្រង់ជាព្រះអរហន្ត ព្រោះទ្រង់ក