គោបាលសូត្រ
ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោ ឲ្យចម្រើនបានឡើយ ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ ( គ្រឿងចំណាំ ) ១ មិនចេះ ឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកដែលគោផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រឺតយកទឹកដោះមិនឲ្យសេសសល់ ១ មិនបូជាពួកគោឈ្មោល ជាបិតា របស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការនេះ មិនគួររក្សាហ្វូងគោ មិនគួរធ្វើ គោ ឲ្យចម្រើនបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ មិនគួរដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ យ៉ាងនេះឯង ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប ១ មិនឈ្លាសវៃក្នុង លក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុង គោចរដ្ឋាន ១ រឺតយកទឹកដោះទាល់តែអស់រលីង ១ មិនបូជាពួកភិក្ខុដែលជា ថេរៈ អ្នកដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាអ្នកត្រួតត្រាសង្ឃ ដោយអតិរេកបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនស្គាល់រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមសេចក្តីពិត នូវ រូបឯណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹង មហាភូតរូបទាំង ៤ ផង ។ ម្នាលភិក្ខុទាំងឡាយ