ខុទ្ទកបាឋមង្គលសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី សមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមាន ព្រះភាគដោយគាថា ។ ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារក សួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសម្តែង ប្រាប់នូវមង្គលដ៏ឧត្តម ។ ( ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ) ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះ បុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។ ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើ បុណ្យទុកហើយក្នុងកាលមុន ១ ការតម្កល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម ។ ភាវៈនៃបុគ្គលបានស្តាប់ បាន រៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គល សិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជា មង្គលដ៏ឧត្តម ។ ការបម្រើមាតាបិតា ១ សេចក្តី សង្គ្រោះដល់បុត្ត និងភរិយា ១ ការងារទាំងឡាយ ដែលមិនច្របូកច្របល់ ១ នេះជាមង្គលដ៏ឧត្តម ។ ការ បរិច្ចាគទាន ១ ការប្រព្រឹត្តធម៌ ១ សេចក្តីសង្គ្រោះ ញាតិទាំងឡាយ ១ ការងារទាំងឡាយដែលមិនមាន ទោស ១ នេះជាមង្គលដ៏ឧត្តម ។ ការមិនត្រេកអរក្នុង បាប និងការវៀរចាកបាប ១ សេចក្តីសង្រួមចាកការផឹក នូវទឹកស្រវឹង ១ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។