អដ្ឋកថារតនសូត្រ
ប្រយោជន៍នៃនិក្ខេបបទ ឥឡូវនេះ ដល់លំដាប់ពណ៌នានៃរតនសូត្រ ដែលលើកឡើង ក្នុងលំដាប់បន្ទាប់អំពីមង្គលសូត្រនោះ ដោយន័យជាដើមថា យានីធ ភូតានិ ខ្ញុំនឹងពោលប្រយោជន៍នៃការតាំងរតនសូត្រនោះ ក្នុងទីនេះ បន្ទាប់អំពីនោះ កាលសម្តែងការឈមចុះនូវអត្ថនៃសូត្រនេះ តាមនិទានវចនៈដ៏បរិសុទ្ធក្តី ដូច ការចុះទឹកក្នុងស្ទឹង និងអូរជាដើម តាមកំពង់ទឹកដ៏បរិសុទ្ធក្តី ប្រកាសន័យនេះថា សូត្រនេះ បុគ្គលណាពោល ពោលក្នុងកាលណា ពោលទីណា ពោលព្រោះ ហេតុអ្វី ហើយទើបធ្វើនូវកិច្ចពណ៌នាសេចក្តីនៃរតនសូត្រនេះ ។ ក្នុង ២ សូត្រនោះ ព្រោះព្រះមានព្រះភាគ ទ្រង់សម្តែងការរក្សាខ្លួនឯង និងការកម្ចាត់អាសវៈទាំងឡាយ ដែលមានការធ្វើមិនល្អ និងការធ្វើមិនល្អជាបច្ច័យ ដោយមង្គលសូត្រ ចំណែកសូត្រនេះ ឲ្យសម្រេចការរក្សាអ្នកដទៃ និងការកម្ចាត់អាសវៈទាំងឡាយ ដែលមានអមនុស្សជាដើមជាបច្ច័យ ដូច្នោះ ទើបសូត្រនេះ ជាការតាំងទុកក្នុងលំដាប់ បន្ទាប់អំពីមង្គលសូត្រនោះឯង ។ ប្រយោជន៍នៃការតាំងរតនសូត្រ ក្នុងទីនេះមានប្រមាណបុណ្ណេះសិន ៥ រឿងក្រុងវេសាលី ឥឡូវនេះ ក្នុងពាក្យថា យេន វុត្តំ យទា យត្ថ យស្មា ចេតំ នេះ អ្នកចោទសួរពោលថា សូត្រនេះអ្នកណាពោល ពោលកាលណា ពោលទីណា ពោលព្រោះហេតុអ្វី នឹងចង្អុលបង្ញាញ ដូច្នេះថា សេចក្តីពិត សូត្រនេះ ព្រះមានព្រះភាគមួយអង្គត្រាស់ សាវ័កជាដើមមិនបានពោលឡើយ ។ សួរថា ត្រាស់ក្នុងកាលណា ឆ្លើយថា ត្រាស់កាលក្រុងវេសាលីត្រូវឧបទ្ទវទាំងឡាយ មានទុព្ភិក្ខភ័យជាដើមចូលរារាំង ព្រះមានព្រះភាគ កាលពួកស្តេចលិច្ឆវីទូល អារាធនា នាំទ្រង់មកអំពីក្រុងរាជគ្រឹះ កាលនោះ រតនសូត្រនោះ ទ្រង់ក៏ត្រាស់ ដើម្បីបំបាត់ឧបទ្រពទាំងនោះក្នុងក្រុងវេសាលី ។