អដ្ឋកថានិធិកណ្ឌ

ក្បាលទី 32 · ទំព័រ 389

និធិកណ្ឌ និធិកណ្ឌសូត្រនេះ ខ្ញុំលើកឡើងដោយន័យថា និធឹ និធេតិ បុរិសោ ជាដើម បន្ទាប់អំពីលំដាប់តិរោកុឌ្ឌសូត្រ ឥឡូវនេះ ខ្ញុំនឹងពោល និក្ខេបបទ និងសម្តែងអត្ថុប្បត្តិហេតុនៃនិធិកណ្ឌសូត្រក្នុងទីនេះហើយ នឹង ពណ៌នាសេចក្តីនៃនិធិកណ្ឌសូត្រនោះ ។ បណ្តាហេតុទាំង ២ នោះ ក្នុងទីនេះ គប្បីជ្រាបហេតុតាំង ( និក្ខេបបទ ) នៃនិធិកណ្ឌសូត្រនេះសិន ។ ពិតហើយ និធិកណ្ឌសូត្រនេះ ព្រះមានព្រះភាគ មិនបានត្រាស់តាមលំដាប់នេះ ព្រោះជាសូត្រគូគ្នានឹងតិរោកុឌ្ឌសូត្រ ព្រោះ ទាក់ទងដោយការអនុមោទនា ដូច្នោះ ទើបខ្ញុំលើកឡើងក្នុងទីនេះ ។ ឬថា គប្បីជ្រាបថា ខ្ញុំកាលសម្តែងវិបត្តិនៃពួកជនដែលប្រាសចាកបុណ្យ ដោយ តិរោកុឌ្ឌសូត្រហើយ ទើបលើកនិធិកណ្ឌសូត្រនេះតាំងទុកក្នុងទីនេះ ក៏ដើម្បី សម្តែងសម្បត្តិនៃពួកជន ដែលធ្វើបុណ្យទុកដោយសូត្រនេះ ។ និក្ខេបបទនៃ និធិកណ្ឌសូត្រនោះ ទុកក្នុងទីនេះបុណ្ណេះ ។ អត្ថុប្បត្តិហេតុ និធិកណ្ឌសូត្រនេះ កើតឡើងដោយហេតុដូច្នេះថា បានឮថា ក្នុងក្រុង សាវត្ថី កុដុម្ពិកៈម្នាក់ ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន តែបុគ្គល នោះ ជាអ្នកមានបសាទសទ្ធា មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ គាត់ថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជា ប្រធាន សម័យនោះ ព្រះរាជាមានព្រះបំណងត្រូវការទ្រព្យ ទើបបញ្ជូនរាជបុរសម្នាក់ ទៅក្នុងសម្នាក់របស់គាត់ ដោយព្រះរាជបញ្ជាថា អ្នកចូរទៅនាំ កុដុម្ពិកៈឈ្មោះនេះមក ។ រាជបុរសនោះ ទៅនិយាយនឹងកុដុម្ពិកៈនោះថា នែ គហបតី ព្រះរាជាអញ្ជើញអ្នក ។