យមកវគ្គទី ១ ្ប ៤៦០ ្ទ រឿងព្រះចក្ខុបាលត្ថេរ
រឿង ព្រះចក្ខុបាលត្ថេរ លំនាំដើម មានបុច្ឆាថា ព្រះធម្មទេសនា ដែលមានពាក្យថា ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត ( មាន ចិត្តជាធំ ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ត ហើយ ពោលក្តី ធ្វើក្តី ( នូវទុច្ចរិត ) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើង គោដែលកំពុងអូសទៅ ។ ដូច្នេះ តើព្រះគាថានេះ ព្រះសាស្តាទ្រង់ត្រាស់ ហើយក្នុងទីណា ។ ឆ្លើយថា ទ្រង់ត្រាស់ហើយក្នុងក្រុងសាវត្ថី ។ មានបុច្ឆាតទៅទៀតថា ទ្រង់ប្រារព្ធអ្នកណា ។ ឆ្លើយថា ទ្រង់ប្រារព្ធព្រះចក្ខុបាលត្ថេរ ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈម្នាក់ ឈ្មោះមហាសុវណ្ណ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានសម្បត្តិច្រើន តែមិនមានកូន ។ ថ្ងៃមួយ គាត់ចូលទៅកាន់កំពង់ទឹក ងូតស្រេចហើយត្រឡប់មក ឃើញដើមឈើ ធំ ដែលជាធំនៃឈើទាំងឡាយ ១ ដើម បរិបូរដោយមែកក្នុងរវាងផ្លូវ គិតថា ដើមឈើនេះនឹងមានទេវតាដែលមានសក្តិធំអាស្រ័យនៅ ដូច្នេះហើយ ទើបឲ្យគេជម្រះចំណែកខាងក្រោម នៃដើមឈើនោះឲ្យស្អាត ហើយឲ្យព័ទ្ធ របង រោយខ្សាច់ លើកទង់ជ័យ និងទង់ជ្វាលាឡើង តាក់តែងដើមឈើធំ នោះហើយ ធ្វើសេចក្តីប្រាថ្នា គឺបន់ស្រន់ថា ខ្ញុំបានបុត្រ ឬធីតាហើយ នឹងធ្វើ សក្ការៈធំដល់លោក ដូច្នេះហើយ ចៀសចេញទៅ ។ ក្នុងកាលបន្តមក ភរិយារបស់សេដ្ឋីក៏តាំងគភ៌ ។ គាត់ក៏ឲ្យធ្វើនូវពិធី បរិហារគភ៌ដល់នាង លុះកន្លងទៅ ១០ ខែ នាងប្រសូតកូនប្រុសម្នាក់ លោក សេដ្ឋីឲ្យឈ្មោះបុត្រនោះថា បាលៈ ព្រោះទារកនោះ គាត់អាស្រ័យដើមឈើ ធំដែលខ្លួនរក្សា ទើបបានហើយ ។