រឿងធម្មិកឧបាសក
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធធម្មិកឧបាសក ត្រាស់ធម្មទេសនានេះថា ឥធ មោទតិ បេច្ច មោទតិ ជាដើម ។ បានឮថា ក្នុងនគរសាវត្ថី មានឧបាសកអ្នកបដិបត្តិធម៌ប្រមាណ ៥០០ នាក់ បណ្តាឧបាសកទាំងនោះ ម្នាក់ៗ មានឧបាសក ៥០០ ជាបរិវារ ។ ឧបាសក ដែលជាប្រធាននៃឧបាសកទាំងនោះ មានកូនប្រុស ៧ នាក់ កូនស្រី ៧ នាក់ ។ បណ្តាកូនប្រុស និងកូនស្រីទាំងនោះ ម្នាក់ៗ មានសលាកយាគូ សលាកភត្ត បក្ខិកភត្ត សង្ឃភត្ត ឧបោសថិកភត្ត អាគន្តុកភត្ត វស្សាវាសិកភត្ត មួយមុខមួយសម្រាប់ ។ ជនទាំងនោះ បានជាបុគ្គលឈ្មោះថា អនុជាតបុត្រទាំងអស់នោះឯង សលាកយាគូជាដើមមួយសម្រាប់ គឺរបស់កូន ១៤ នាក់ របស់ភរិយាមួយ របស់ឧបាសកមួយ រមែងប្រព្រឹត្តទៅ ដោយ ប្រការដូច្នេះ ។ គាត់ មួយអន្លើដោយបុត្រ និងភរិយា បានជាអ្នកមានសីល មានកល្យាណធម៌ មានការត្រេកអរក្នុងការឲ្យទាន ដោយប្រការដូច្នេះ ។ ចំណេរកាលតមក រោគកើតឡើងដល់ឧបាសក អាយុសង្ខារអស់ទៅ ដោយ ជុំវិញហើយ ។ គាត់ប្រាថ្នានឹងស្តាប់ធម៌ ទើបបញ្ជូនមនុស្សទៅកាន់សម្នាក់ព្រះសាស្តា ដោយក្រាបទូលថា សូមទ្រង់បញ្ជូនភិក្ខុ ៨ រូប ឬ ១៦ រូប ដល់ខ្ញុំព្រះអង្គ ។ ព្រះសាស្តាទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅ ភិក្ខុទាំងនោះទៅហើយ អង្គុយ លើអាសនៈ ដែលគេតាក់តែងជុំវិញគ្រែរបស់គាត់ កាលគាត់ពោលថា បពិត្រលោកម្ចាស់ ការឃើញលោកម្ចាស់ទាំងឡាយ របស់ខ្ញុំបានដោយលំបាក ខ្ញុំជាបុគ្គលទុព្វលភាព សូមលោកម្ចាស់ទាំងឡាយ ស្វាធ្យាយព្រះសូត្រមួយ ប្រោសខ្ញុំចុះ ។ ទើបភិក្ខុទាំងឡាយសួរថា អ្នកបំណងនឹងស្តាប់សូត្រណា កាលគាត់ ប្រាប់ថា សតិប្បដ្ឋានសូត្រដែលព្រះពុទ្ធគ្រប់អង្គទ្រង់មិនលះបង់ ។