រឿងនាងសុមនាទេវី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងសុមនាទេវី ត្រាស់ព្រះធម្មទេសនានេះថា ឥធ នន្ទតិ បេច្ច នន្ទតិ ជាដើម ។ សេចក្តីពិស្តារថា ភិក្ខុ ២ ពាន់រូប តែងឆាន់ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋី ក្នុងក្រុងសាវត្ថីរាល់ថ្ងៃ ក្នុងផ្ទះរបស់នាងវិសាខាមហាឧបាសិកា ក៏ដូចគ្នា ។ បុគ្គលណាម្នាក់ក្នុងក្រុងសាវត្ថី ជាអ្នកបំណងនឹងថ្វាយទាន បុគ្គល នោះៗ ត្រូវបានឱកាសរបស់ជនទាំងពីរនោះមុនហើយ ទើបធ្វើបាន ។ សួរថា ព្រោះហេតុអ្វី ។ ឆ្លើយថា ព្រោះបុគ្គលដទៃៗ សួរថា អនាថបិណ្ឌិកសេដ្ឋី ឬនាងវិសាខាមកកាន់រោងទានរបស់អ្នកហើយឬ កាលជននោះ ឆ្លើយថា មិនបានមក រមែងតិះដៀល ទោះបីបុគ្គលនោះលះទ្រព្យរាប់សែន ហើយធ្វើ ក៏អ្នកស្រុកនៅតែពោលថា នេះឈ្មោះថា ទានអ្វី ព្រោះលោកទាំង ពីរនោះ រមែងដឹងការគាប់ចិត្តរបស់ភិក្ខុសង្ឃ និងកិច្ចដែលសមគួរដល់ភិក្ខុ សង្ឃ ។ កាលលោកទាំងពីរនោះ នៅក្នុងទីនោះ ពួកភិក្ខុរមែងឆាន់បានតាម ពេញចិត្តនោះឯង ព្រោះដូច្នោះបុគ្គលគ្រប់គ្នា បំណងនឹងថ្វាយទាន ទើបអញ្ជើញ ជនទាំងពីរនោះទៅ ។ ជនទាំងពីរនោះរមែងមិនបានអង្គាសភិក្ខុទាំងឡាយក្នុង ផ្ទះរបស់ខ្លួនដោយហេតុនេះ ព្រោះហេតុនោះ នាងវិសាខា កាលពិចារណាថា នរណាហ្ន៎នឹងតាំងនៅក្នុងកិច្ចរបស់អញ អង្គាសភិក្ខុសង្ឃ ឃើញចៅស្រីហើយ ទើបតាំងទុកក្នុងនាទីរបស់ខ្លួន នាងអង្គាសភិក្ខុសង្ឃក្នុងផ្ទះរបស់នាងវិសាខា នោះ ។ សូម្បីអនាថបិណ្ឌិកសេដ្ឋី ក៏តាំងកូនស្រីច្បងឈ្មោះមហាសុភទ្ទា ។ នាង មហាសុភទ្ទានោះ ធ្វើការខ្វល់ខ្វាយដល់ភិក្ខុទាំងឡាយ និងស្តាប់ធម៌បានជា ព្រះសោតាបន្នហើយ ទៅកាន់ត្រកូលស្វាមី ។ បន្ទាប់អំពីនោះ អនាថបិណ្ឌិកក៏តាំងនាងចូឡសុភទ្ទាជំនួស ។ សូម្ប