រឿងចូឡបន្ថកត្ថេរ
រឿង កុម្ភឃោសកៈ ចប់ ៥ រឿង ចូឡបន្ថកត្ថេរ ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ ចូឡបន្ថកៈ ត្រាស់ធម្មទេសនានេះថា ឧដ្ឋានេនប្បមាទេន ជាដើម ។ បានឮមកថា ធីតានៃត្រកូលរបស់សេដ្ឋីក្នុងនគររាជគ្រឹះ ក្នុងកាលចម្រើន វ័យ មាតាបិតារក្សាយ៉ាងតឹងរុឹង ត្រង់ជាន់លើនៃប្រាសាទ ៧ ជាន់ តែនាង ជាស្រីឡេះឡោះក្នុងបុរស ព្រោះជាអ្នកស្រវឹងក្នុងភាពជាក្រមុំ ទើបធ្វើសន្ថវៈ ជាមួយទាសៈរបស់ខ្លួនឯង ខ្លាចក្រែងអ្នកដទៃដឹងកម្មរបស់ខ្លួន ទើបពោលយ៉ាង នេះថា យើងទាំងពីរមិនអាចនៅទីនេះបានទេ បើមាតាបិតារបស់ខ្ញុំដឹង ការវិនាស នេះ នឹងធ្វើឲ្យយើងដាច់ជាកំណាត់តូចធំ យើងនឹងទៅកាន់ទឹកដីដទៃ ហើយរស់នៅ ។ ជនទាំងពីរនោះ កាន់យកទ្រព្យក្នុងផ្ទះដែលជាសារៈ ដែល គប្បីនាំទៅបានដោយដៃ ចេញទៅតាមទ្វារខាងជើងហើយ បបួលគ្នាថា យើង ទាំងពីរត្រូវទៅនៅក្នុងទីណាមួយ ដែលជនដទៃមិនស្គាល់ ដូច្នេះហើយ ទាំង ពីរនាក់ ក៏ធ្វើដំណើរទៅ ។ កាលជនទាំងពីរនៅក្នុងទីមួយកន្លែង នាងតាំងគភ៌ហើយ ព្រោះអាស្រ័យ ការនៅរួមគ្នា ។ នាងអាស្រ័យភាពដែលគភ៌ចាស់ ទើបប្រឹក្សានឹងប្តីនោះថា គភ៌របស់ខ្ញុំ ចាស់ហើយ ធម្មតាការប្រសូតិបុត្រក្នុងទីឆ្ងាយអំពីពួកញាតិ រមែងជាហេតុនាំ សេចក្តីទុក្ខមកឲ្យដល់យើងទាំងពីរ យើងទាំងពីរទៅកាន់ផ្ទះនៃត្រកូលចុះ ស្វាមី ពោលពន្យារថា ថ្ងៃនេះសឹមទៅ ស្អែកនេះសឹមទៅចុះ ញ៉ាំងថ្ងៃទាំងឡាយឲ្យ កន្លងទៅហើយព្រោះខ្លាចថា បើយើងទៅទីនោះ ជីវិតរបស់យើងរមែងមិនមាន នាងគិតថា បុរសនេះល្ងង់ មិនអាចទៅព្រោះភាពដែលខ្លួនមានទោសច្រើន ធម្មតាពុកម្តាយ មានការឧបការៈដោយចំណែកមួយបុណ្ណោះ បុរសនេះទៅ ក្តី មិនទៅក្តី អញនឹងទៅ ។