រឿងសក្កទេវរាជ
លំនាំដើម ព្រះសាស្តា កាលទ្រង់អាស្រ័យក្រុងវេសាលី គង់នៅក្នុងកូដាគារសាលា ទ្រង់ប្រារព្ធសក្កទេវរាជ ត្រាស់ធម្មទេសនានេះថា អប្បមាទេន មឃវា ជាដើម ។ សេចក្តីពិស្តារថា ស្តេចលិច្ឆវីព្រះនាមថាមហាលិ នៅក្នុងក្រុងវេសាលី ។ ទ្រង់ស្តាប់ទេសនាក្នុងសក្កបញ្ញសូត្រ របស់ព្រះតថាគតហើយ ទ្រង់ត្រិះរិះថា ព្រះសម្មាសម្ពុទ្ធ ត្រាស់សម្បត្តិរបស់សក្កទេវរាជជាច្រើន ព្រះអង្គទ្រង់ឃើញ ហើយ ទើបត្រាស់ ឬទ្រង់មិនឃើញហើយត្រាស់ហ្ន៎ ទ្រង់ស្គាល់ស្តេច សក្កឬហ្ន៎ អញនឹងទូលសួរព្រះអង្គ ។ គ្រានោះឯង ស្តេចលិច្ឆវី ព្រះនាមមហាលិ ចូលទៅគាល់ដល់ទីដែល ព្រះដ៏មានព្រះភាគគង់នៅ កាលចូលទៅគាល់ហើយ ទើបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ។ ស្តេចមហាលិលិច្ឆវី កាល អង្គុយក្នុងទីសមគួរនាចំណែកម្ខាងហើយ បានក្រាបទូលពាក្យនេះ នឹងព្រះដ៏ មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សក្កទេវរាជជាស្តេចនៃទេវតា ទាំងឡាយ ព្រះអង្គឃើញហើយឬ ។ ព្រះដ៏មានព្រះភាគត្រាស់ថា មហាលិ សក្កទេវរាជជាស្តេចនៃទេវតាទាំងឡាយ តថាគតឃើញហើយ ។ មហាលិពោលថា បពិត្រព្រះអង្គ សក្កទេវរាជនោះ ជាសក្កៈក្លែងក្លាយពិត ព្រោះថា សក្កទេវរាជទាំងឡាយ បុគ្គល ឃើញបានដោយលំបាក ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលមហាលិ តថាគត ស្គាល់សក្កៈផង ស្គាល់ធម៌ដែលធ្វើឲ្យជាសក្កៈផង សក្កទេវរាជ ដល់នូវភាពជា សក្កៈ ព្រោះសមាទាននូវធម៌ណា តថាគតស្គាល់ធម៌ទាំងនោះឯង ។ ម្នាល មហាលិ សក្កទេវរាជ ជាស្តេចនៃទេវតាទាំងឡាយ ក្នុងកាលមុនជាមនុស្សប ានជាមាណពឈ្មោះមឃៈ ព្រោះដូច្នោះ ទើបគេហៅថា ស្តេចមឃវា ។