ចិត្តវគ្គទី ៣ រឿងមេឃិយត្ថេរ
រឿង មេឃិយត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅត្រង់ភ្នំឈ្មោះចាលិកា ទ្រង់ប្រារព្ធដល់ព្រះ មេឃិយៈ ត្រាស់ធម្មទេសនានេះថា ផន្ទនំ ចបលំ ចិត្តំ ជាដើម ។ មេឃិយសូត្ប្រ១ ទាំងអស់ បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ ដើម្បីឲ្យ រឿងនៃព្រះមេឃិយត្ថេរនោះជាក់ច្បាស់ ព្រះសាស្តាត្រាស់ហៅព្រះមេឃិយត្ថេរ ដែលមិនអាចប្រកបសេចក្តីព្យាយាមក្នុងអម្ពវ័ននោះបាន ព្រោះភាពដែលលោក ត្រូវវិតក្ក ៣ គ្របសង្កត់ហើយ ត្រាស់ថា ម្នាលមេឃិយៈ អ្នកលះបង់តថាគត ដែលអង្វរហើយថា ម្នាលមេឃិយៈ តថាគតនៅម្នាក់ឯង ចូរអ្នកបង្ហង់សិន ទម្រាំភិក្ខុដទៃរូបខ្លះប្រាកដ ដូច្នេះ ទុកតថាគតនៅតែឯង ហើយទៅ ឈ្មោះថា ធ្វើកម្មដ៏ធ្ងន់ ។ ឈ្មោះថា ភិក្ខុមិនគួរជាធម្មជាតស្ទុះទៅរហ័ស ការញ៉ាំងចិត្ត នោះឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួន រមែងគួរ ដូច្នេះហើយ ទើបទ្រង់ ភាសិតព្រះគាថា ២ ព្រះគាថានេះថា ។ ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ ។ វារិជោវ ថលេ ខិត្តោ ឱកមោកតឧភតោ បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។ អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយ កម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើ ព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាក អាល័យពីកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បី លះបង់នូវវដ្តៈ ជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេ លើកឡើង ចាកទីនៅ គឺទឹក បោះទៅលើគោក ដូច្នោះឯង ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ផន្ទនំ គឺអន្ទះអន្ទែងនៅក្នុងអារម្មណ៍ ទាំងឡាយ មានរូបជាដើម ។