រឿងភិក្ខុប្រារព្ធវិបស្សនា
ព្រះសាស្តាកាលទ្រង់នាំធម្មទេសនានេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ កុទ្ទាលបណ្ឌិតក្នុងកាលនោះ បានជាតថាគត ឈ្មោះថា កិលេស ទាំងនេះ ជាសភាវៈគ្រោតគ្រាតយ៉ាងនោះ ។ រឿង ព្រះចិត្តហត្ថត្ថេរ ចប់ ៥ រឿង ភិក្ខុប្ររព្ធវិបស្សនា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធពួកភិក្ខុដែល ប្រារព្ធវិបស្សនា ត្រាស់ធម្មទេសនានេះថា កុម្ភូបមំ ជាដើម ។ បានឮថា ភិក្ខុ ៥០០ រូប ក្នុងក្រុងសាវត្ថី រៀនកម្មដ្ឋានអំពីភាពជាព្រះអរហន្ត ក្នុងសម្នាក់ព្រះសាស្តាហើយ គិតថា អញនឹងធ្វើសមណធម៌ ទៅ អស់ចម្ងាយផ្លូវប្រមាណមួយរយយោជន៍ បានដល់តំបន់ធំមួយ លំដាប់នោះ ពួកមនុស្សឃើញភិក្ខុទាំងនោះ ទើបនិមន្តឲ្យគង់លើអាសនៈដែលគេបានរៀបចំ អង្គាសដោយភត្តាហារទាំងឡាយ មានបបរដ៏ប្រណីតជាដើមហើយ សួរថា លោកម្ចាស់ទាំងឡាយនឹងទៅណា កាលភិក្ខុទាំងនោះពោលថា ពួកអាត្មានឹង ទៅតាមផាសុក ទើបនិមន្តថា សូមនិមន្តលោកម្ចាស់ទាំងឡាយ នៅក្នុងទីនេះ អស់កាល ៣ ខែចុះ ពួកខ្ញុំនឹងតាំងនៅក្នុសរណៈ នឹងរក្សាសីល ក្នុងសម្នាក់ លោកម្ចាស់ទាំងឡាយ ។ ជ្រាបការនិមន្តរបស់ភិក្ខុទាំងនោះហើយ ទើបសួរ ថា ក្នុងទីមិនឆ្ងាយ មានដងព្រៃធំច្រើន និមន្តលោកម្ចាស់ស្នាក់នៅត្រង់ដងព្រៃ នោះចុះ ដូច្នេះហើយ បញ្ជូនទៅ ។ ភិក្ខុទាំងនោះទៅកាន់ដងព្រៃនោះហើយ ។ ពួកទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះគិតថា លោកម្ចាស់ទាំងឡាយមានសីល មកដល់ដងព្រៃនេះដោយលំដាប់ហើយ បើលោកម្ចាស់ ទាំងឡាយស្នាក់នៅក្នុងទីនេះ ការដែលពួកយើងនាំបុត្រ និងភាតាឡើងដើមឈើ មិនគួរឡើយ ទើបអង្គុយលើផែនដីគិតថា លោកម្ចាស់ទាំងឡាយនៅក្នុង ទីនេះមួយយប់ក្នុងថ្ងៃនេះ ស្អែកនេះនឹងទៅពិត ។