រឿងបូតិគត្តិស្សត្ថេរ

ក្បាលទី 33 · ទំព័រ 48

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ បូតិគត្តិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អចិរំ វតយំ កាយោ ជាដើម ។ បានឮថា កុលបុត្រអ្នកក្រុងសាវត្ថីមួយរូប ស្តាប់ធម្មកថាក្នុងសម្នាក់ របស់ព្រះសាស្តា ថ្វាយជីវិតក្នុងព្រះសាសនា បានបព្វជ្ជាឧបសម្បទាហើយ បានឈ្មោះថា ព្រះតិស្សត្ថេរ ។ កាលកន្លងទៅ រោគកើតឡើងក្នុងសរីរៈ របស់លោក ពកទាំងឡាយ ប្រមាណបុនគ្រប់ស្ពៃផុសឡើង ពកនោះធំឡើង តាមលំដាប់ ប្រមាណបុនគ្រប់សណ្តែកបាយ ប្រមាណបុនគ្រប់សណ្តែកខ្មៅ ប្រមាណបុនគ្រប់ក្របៅ ប្រមាណបុនផ្លែកន្ទួតព្រៃ ប្រមាណបុនផ្លែព្នៅ បែក ហើយ ។ សរីរៈទាំងនោះ បានជាប្រហោងតូចធំ ឈ្មោះរបស់លោកកើតឡើង ហើយថា ព្រះបូតិគត្តិស្សត្ថេរ គឺព្រះតិស្សត្ថេរមានកាយស្អុយ ។ បន្ទាប់ មក ក្នុងកាលជាចំណែកដទៃ ឆ្អឹងរបស់លោកបែកហើយ លោកបានជា បុគ្គល ដែលបុគ្គលណាមួយបដិបត្តិ គឺបម្រើមិនបាន ។ សំពត់ស្លៀក និង សំពត់ដណ្តប់ ប្រឡាក់ដោយខ្ទុះ និងឈាម បានដូចជានំពុម្ព ។ ពួកភិក្ខុ មានសទ្ធិវិហារិកជាដើម មិនអាចបដិបត្តិបាន លះបង់លោកហើយ លោកជា បុគ្គលមិនមានទីពឹង សិងហើយ ។ ធម្មតាព្រះសម្ពុទ្ធទាំងឡាយ ទ្រង់មិនលះបង់ កាលប្រមើលមើលសត្វលោក អស់ពីរវារៈ គឺក្នុងពេលទៀបភ្លឺ កាលទ្រង់ប្រមើលមើលលោក ទ្រង់ ប្រមើលតាំងអំពីកណ្តាប់នៃចក្រវាឡ ធ្វើព្រះញាណឲ្យបែរមុខចំពោះព្រះគន្ធកុដិ កាលទ្រង់ប្រមើលក្នុងពេលល្ងាច ទ្រង់ប្រមើលចាប់ពីព្រះគន្ធកុដិ ធ្វើព្រះញាណ ឲ្យបែរមុខចំពោះទីខាងក្រៅ ។ ក្នុងសម័យនោះ ព្រះបូតិគត្តិស្សត្ថេរ ប្រាកដហើយខាងក្នុងសំណាញ់ គឺព្រះញាណរបស់ព្រះដ៏មានព្រះភាគ ។