រឿងព្រះបាទវិឌូឌភ្វ

ក្បាលទី 33 · ទំព័រ 76

អនុបព្វីកថាក្នុងរឿង នោះ មានដូចតទៅនេះ កុមារ ៣ អង្គ គឺព្រះរាជឱរសរបស់ព្រះបាទមហាកោសល ក្នុងនគរ សាវត្ថី ព្រះនាមបសេនទិកុមារ ១ កុមាររបស់ស្តេចលិច្ឆវី ក្នុងនគរវេសាលី ព្រះនាមមហាលិ ១ ឱរសរបស់ព្រះបាទមល្លៈ ក្នុងនគរកុសិនារា ព្រះនាម ពន្ធុលៈ ១ យាងទៅនគរតក្កសិលា ដើម្បីរៀនសិប្បៈក្នុងសំណាក់អាចារ្យ ទិសាបាមោក្ខ មកជួបគ្នាត្រង់សាលាក្រៅព្រះនគរ ក៏សួរដល់ហេតុដែលមក ត្រកូល និងព្រះនាមនៃគ្នានិងគ្នាហើយ ក៏ធ្វើជាសម្លាញ់នឹងគ្នា រួមគ្នាចូលទៅរក អាចារ្យ មិនយូរបុន្មានក៏រៀនសិប្បៈសម្រេច ទើបថ្វាយបង្គំលាអាចារ្យ ព្រមគ្នា យាងចេញអំពីនគរតក្កសិលា បានទៅលំនៅរៀងៗ ខ្លួន ។ បណ្តាកុមារទាំង ៣ អង្គនោះ បសេនទិកុមារ ទ្រង់សម្តែងសិប្បៈថ្វាយ ព្រះជនក ព្រះជនកទ្រង់ជ្រះថ្លាហើយ ទើបអភិសេកក្នុងរាជសម្បត្តិ ។ មហាលិកុមារ ដើម្បីសម្តែងសិប្បៈ ដល់ស្តេចលិច្ឆវីទាំងឡាយ ទ្រង់ សម្តែងដោយភាពឧស្សាហ៍ខ្លាំង ព្រះនេត្រក៏បែកទៅហើយ ។ ស្តេចលិច្ឆវី ប្រឹក្សាគ្នាថា ឱហ្ន៎ អាចារ្យរបស់ពួកយើងដល់នូវការខូចភ្នែកហើយ ពួកយើង មិនបោះបង់លោក នឹងទំនុកបម្រុងលោក ដូច្នេះហើយ ទើបបានថ្វាយទ្វារមួយ ដែលដកសួយបានមួយថ្ងៃ ១ សែន ដល់មហាលិកុមារនោះ ។ ទ្រង់អាស្រ័យ ទ្វារនោះ ឲ្យឱរសរបស់ស្តេចលិច្ឆវី ៥០០ អង្គ សិក្សាសិប្បៈហើយ ។ ចំណែកពន្ធុលកុមារ កាលពួកត្រកូលមល្លរាជពោលថា សូមពន្ធុលកុមារ កាប់ឫស្សីទាំងនេះ ដូច្នេះហើយ បានលោតឡើងទៅកាន់អាកាសកម្ពស់ ៨០ ហត្ថ យកដាវកាប់បាច់ឫស្សី ៦០ ដើម ដែលពួកស្តេចមល្លៈយកបឫស្ស ៦០ ដើម ញាត់ដែកត្រង់កណ្តាលហើយ ឲ្យលើកឡើងតម្កល់ដាច់ហើយ ពន្ធុលកុមារនោះ បានឮសំឡេងក្រឹកខ្លាំង របស់ដែកក្នុងបាច់ឫស្សីចុងក្រោយ ទើបស