រឿងគណ្ឋិភេទកចោរ
ក្នុងកាលចប់ទេសនា ការត្រាស់ដឹងធម៌មានដល់សត្វ ៨៤០០០ ទេសនា មានប្រយោជន៍ដល់មហាជនហើយ ដូច្នេះឯង ។ រឿង អានន្ទសេដ្ឋី ចប់ ៥ រឿង គណ្ឋិភេទកចោរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកចោរទម្លាយ កំណួច ត្រាស់ព្រះធម្មទេសនានេះថា យោ ពាលោ មញ្ញតី ពាល្យំ ជាដើម ។ បានឮថា ចោរពីរនាក់នោះជាសម្លាញ់នឹងគ្នា ទៅកាន់វត្តជេតពនជាមួយ មហាជនដែលទៅដើម្បីស្តាប់ធម៌ ចោរម្នាក់បានស្តាប់ធម្មកថាហើយ ចោរម្នាក់ សម្លឹងមើលរបស់ដែលខ្លួនគួរកាន់យក ។ បណ្តាចោរទាំងពីរនោះ ចោរដែល ស្តាប់ធម៌សម្រេចសោតាបត្តិផលហើយ ។ ចោរម្នាក់ទៀត បានទ្រព្យប្រមាណ ៥ មាសក ដែលខ្ចប់ទុកត្រង់ជាយសំពត់របស់ឧបាសកម្នាក់ ទ្រព្យនោះបានជា ថ្លៃអាហារក្នុងផ្ទះរបស់ចោរហើយ រមែងមិនសម្រេចផលក្នុងផ្ទះរបស់ចោរ ដែលជាសោតាបន្នក្រៅអំពីនេះ ។ គ្រានោះ ចោរជាសម្លាញ់ និងភរិយារបស់ខ្លួន កាលនឹងសើចចំអកចោរ ដែលជាសោតាបន្ននោះ ទើបពោលថា អ្នកមិនញ៉ាំងសូម្បីត្រឹមតែថ្លៃអាហារ ឲ្យសម្រេចក្នុងផ្ទះរបស់ខ្លួន ព្រោះភាពដែលខ្លួនឆ្លាតពេក ។ សម្លាញ់ដែលជា សោតាបន្នក្រៅអំពីនេះគិតថា បុគ្គលនេះរមែងសម្គាល់ភាពដែលខ្លួនជាបណ្ឌិត ដោយភាពជាបុគ្គលពាលហ្ន៎ ដើម្បីក្រាបទូលការប្រព្រឹត្តទៅនោះដល់ព្រះសាស្តា ទើបទៅកាន់វត្តជេតពន មួយអន្លើដោយញាតិទាំងឡាយ ក្រាបទូលហើយ ។ ព្រះសាស្តា កាលទ្រង់សម្តែងធម៌ដល់បុគ្គលនោះ ទើបត្រាស់ព្រះ គាថានេះថា យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។