រឿងសុមនមាលាការ

ក្បាលទី 33 · ទំព័រ 265

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធមាលាការឈ្មោះ សុមនៈ ត្រាស់ព្រះធម្មទេសនានេះថា តញ្ច កម្មំ កតំ សាធុ ជាដើម ។ បានឮមកថា មាលាការនោះផ្គត់ផ្គង់ព្រះបាទពិម្ពិសារដោយផ្កាម្លិះ ៨ នាឡិ អំពីព្រលឹមរាល់ថ្ងៃ រមែងបានមួយថ្ងៃ ៨ កហាបណៈ ។ សម័យថ្ងៃមួយ កាលមាលាការនោះកាន់ផ្កាចូលទៅកាន់ព្រះនគរ ព្រះដ៏មានព្រះភាគ ដែល មហាភិក្ខុសង្ឃចោមរោម ទ្រង់បញ្ចេញព្រះរស្មីមានពណ៌ ៦ ចូលទៅកាន់ព្រះនគរ ដើម្បីបិណ្ឌបាត ដោយពុទ្ធានុភាពដ៏ធំ ដោយព្រះពុទ្ធលីលាដ៏ធំ ។ ពិត ហើយ ក្នុងកាលខ្លះ ព្រះដ៏មានព្រះភាគ ទ្រង់បិទព្រះរស្មីដែលមាន ៦ ពណ៌ ដោយចីវរ ហើយយាងទៅ ដូចភិក្ខុអ្នកត្រាច់បិណ្ឌបាតជាវត្ត អង្គណាមួយអង្គ ដូចជាកាលយាងទៅទទួលអង្គុលីមាល៍ អស់ចម្ងាយផ្លូវ ៣០ យោជន៍ ក្នុង កាលខ្លះ ទ្រង់បញ្ចេញឆព្វណ្ណរង្សី ដូចកាលយាងទៅកាន់ក្រុងកបិលវត្ថុជាដើម ក្នុងថ្ងៃនោះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ចេញឆព្វណ្ណរង្សីអំពីព្រះសរីរៈ យាង ទៅកាន់ក្រុងរាជគ្រឹះ ដោយពុទ្ធានុភាពធំ ដោយព្រះពុទ្ធលីលាធំ ។ គ្រានោះ មាលាការឃើញអត្តភាពព្រះដ៏មានព្រះភាគ ដូចគ្នានឹងរតនៈ ដ៏មានតម្លៃ និងមាសដ៏មានតម្លៃ សម្លឹងមើលព្រះសរីរៈដែលប្រដាប់ហើយ ដោយមហាបុរិសលក្ខណៈ ៣២ មានចំណែកលម្អដោយសិរី គឺអនុព្យញ្ជនៈ ៨០ មានចិត្តជ្រះថ្លាហើយ គិតថា អញនឹងធ្វើការបូជាដ៏ក្រៃលែង ដល់ព្រះ សាស្តា ដូចម្តេចហ្ន៎ កាលមិនឃើញវត្ថុដទៃ ទើបគិតថា អាត្មាអញនឹងបូជា ព្រះដ៏មានព្រះភាគដោយផ្កាទាំងនេះ គិតទៀតថា ផ្កាទាំងនេះជាផ្កាសម្រាប់ផ្គត់ផ្គង់ ព្រះរាជាជាប្រចាំ បើព្រះរាជាទ្រង់មិនបានផ្កាទាំងនេះ គប្បីចងអញក្តី គប្បី សម្លាប់អញក្តី គប្បីបំបរបង់អញចេញចាកដ