រឿងឧប្បលវណ្ណាថេរី
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរីឈ្មោះ ឧប្បលវណ្ណា ត្រាស់ព្រះធម្មទេសនានេះថា មធុវា មញ្ញតី ពាលោ ជាដើម ។ បានឮមកថា ព្រះថេរីនោះ បានតាំងសេចក្តីប្រាថ្នាទៀបបាទមូលរបស់ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ធ្វើបុណ្យទាំងឡាយអស់សែនកប្ប អន្ទោលទៅក្នុង ទេវតា និងមនុស្ស ចុតិអំពីទេវលោក បដិសន្ធិក្នុងត្រកូលសេដ្ឋី ក្នុងក្រុង សាវត្ថី ក្នុងពុទ្ធុប្បាទកាលនេះ ។ មាតាបិតាដាក់ឈ្មោះនាងថា ឧប្បលវណ្ណា ព្រោះនាងមានពណ៌ដូចត្របកឧប្បលខៀវ សម័យតមក ក្នុងកាលដែលនាង ចម្រើនវ័យហើយ ព្រះរាជា និងសេដ្ឋីទាំងឡាយក្នុងសកលជម្ពូទ្វីប បញ្ជូន បណ្ណាការទៅកាន់សម្នាក់របស់សេដ្ឋីថា សូមលោកសេដ្ឋីឲ្យធីតាដល់ខ្ញុំ ។ ឈ្មោះថា បុគ្គលមិនបញ្ជូនបណ្ណាការទៅមិនមាន ។ លំដាប់នោះ សេដ្ឋីគិតថា អញមិនអាចយកចិត្តមនុស្សទាំងឡាយបាន តែអញនឹងធ្វើឧបាយណាមួយ ។ សេដ្ឋីនោះហៅកូនស្រីមកហើយពោលថា នែនាង នាងអាចបួសដែរឬទេ ។ ពាក្យរបស់បិតាហាក់ដូចជាប្រេង ដែលចម្រាញ់ហើយរាប់រយដង ដែលគេ ស្រោចលើសីសៈ ព្រោះនាងមានភពជាទីបំផុត ព្រោះដូច្នោះ ទើបនាងឆ្លើយ នឹងបិតាថា បពិត្រលោកពុក ខ្ញុំនឹងបួស ។ សេដ្ឋីធ្វើសក្ការៈដ៏ច្រើនដល់នាង ហើយនាំទៅកាន់សម្នាក់ភិក្ខុនី ហើយឲ្យបួស ។ កាលនាងបួសហើយមិនយូរ ក្នុងវារៈរក្សាត្រដោកទ្វារក្នុងរោងឧបោសថ ដល់ហើយ នាងអុជប្រទីប បោសរោងឧបោសថ ឈរកាន់យកនិមិត្តនៃអណ្តាត ប្រទីប សម្លឹងមើលហើយមើលទៀត ញ៉ាំងឈានមានតេជោកសិណជាអារម្មណ៍ ឲ្យកើតហើយ ធ្វើឈាននោះឯងឲ្យជាបាទសម្រេចអរហត្ត មួយអន្លើដោយ បដិសម្ភិទា និងអភិញ្ញាទាំងឡាយហើយ ។ ដោយសម័យដទៃ ព្រះថេរីនោះ ត្រាច់ចារិកទៅក្នុងជនបទ ត្រឡប់មកហើយ ចូលទៅកាន់ព្រៃ