រឿងព្រះសុធម្មត្ថេរ
វិនាសតែម្យ៉ាង គឺបុគ្គលពាលនោះអាស្រ័យសិប្បៈជាដើមនោះ រមែងធ្វើនូវ ការវិនាសដល់ខ្លួនតែម្យ៉ាង ។ បទថា ហន្តិ បានដល់ ឲ្យវិនាស ។ បទថា សុក្កំសំ គឺចំណែកនៃកុសល អធិប្បាយថា សិប្បៈ ឬភាពជាធំ កាលកើតឡើង ដល់បុគ្គលពាល រមែងកើតឡើងសម្លាប់នូវចំណែកដែលជាកុសលធម៌ តែម្យ៉ាង ។ បទថា មុទ្ធំ នេះ ជាឈ្មោះរបស់បញ្ញា ។ បទថា វិបតយំ គឺកម្ចាត់ អធិប្បាយថា ការដឹងនោះ សម្លាប់ចំណែកកុសលរបស់បុគ្គលពាល នោះ ញ៉ាំងមុទ្ធា ពោល គឺបញ្ញាឲ្យធ្លាក់ទៅ គឺកម្ចាត់នោះឯង ឈ្មោះថា សម្លាប់ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមដូច្នេះឯង ។ រឿង សដ្ឋិកូដប្រេត ចប់ ៥ រឿង ព្រះសុធម្មត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសុធម្មត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អសន្តំ ភាវមិច្ឆេយ្យ ជាដើម ។ ទេសនានេះតាំងឡើងហើយ ក្នុងមច្ឆិកាសណ្ឌនគរ ចប់ហើយក្នុងក្រុង សាវត្ថី ។ សេចក្តីពិស្តារថា ចិត្តគហបតីក្នុងមច្ឆិកាសណ្ឌនគរ ឃើញព្រះមហានាមត្ថេរក្នុងពួកបញ្ចវគ្គិយភិក្ខុត្រាច់បិណ្ឌបាត ជ្រះថ្លាក្នុងឥរិយាបថរបស់ព្រះថេរៈ ហើយ ទើបទទួលបាត្រនិមន្តឲ្យចូលទៅកាន់ផ្ទះ ឲ្យឆាន់ហើយ ក្នុងកាល ស្រេចភត្តកិច្ច ស្តាប់ធម្មកថាសម្រេចសោតាបត្តិផលហើយ ជាអ្នកមានសទ្ធា មិនញាប់ញ័រ ប្រាថ្នាដើម្បីធ្វើឧទ្យានរបស់ខ្លួនដែលមានឈ្មោះថា អព្វាដកវ័ន គឺចម្ការម្កាក់ឲ្យជាសង្ឃារាម ទើបច្រូចទឹកលើដៃព្រះថេរៈ ប្រគេនហើយ ។