រឿងព្រះអនុរុទ្ធត្ថេរ
អំណាចចូលសមាបត្តិ សម្បយុត្តដោយផលចិត្ត ។ បាទព្រះគាថាថា គតិ តេសំ ទុរន្នយា សេចក្តីថា ដូចផ្លូវទៅរបស់ហ្វូង បក្សីដែលទៅហើយដោយអាកាស ទៅតាមលំបាក គឺមិនអាចដឹង ព្រោះមិន ឃើញគន្លង យ៉ាងណា គតិរបស់ជនទាំងឡាយ ដែលជាអ្នកសន្សំពីរយ៉ាង នេះ មិនបានកំណត់ដឹងភោជនដោយបរិញ្ញា ៣ នេះ និងជាបុគ្គលមានវិមោក្ខ មានប្រការដែលពោលហើយនេះជាអារម្មណ៍ ក៏ទៅតាមលំបាក គឺមិនអាច បញ្ញត្តិ ព្រោះមិនប្រាកដនៃការទៅថា ទៅហើយក្នុងចំណែក ៥ នេះ គឺភព ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩ ដោយចំណែកឈ្មោះ នេះៗ ដូច្នោះឯង ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះវេឡដ្ឋសីសត្ថេរ ចប់ ៥ រឿង ព្រះអនុរុទ្ធត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះអនុរុទ្ធត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យស្សាសវា បរិក្ខីណា ជាដើម ។ សេចក្តីពិស្តារថា ក្នុងថ្ងៃមួយ ព្រះថេរៈមានចីវរចាស់ហើយ ស្វែងរក ចីវរ ក្នុងទីទាំងឡាយ មានគំនរសំរាមជាដើម ស្រីភរិយាចាស់របស់ព្រះថេរៈ នោះ ក្នុងអត្តភាពទី ៣ បន្ទាប់អំពីអត្តភាពនេះ បានកើតជាទេពធីតាឈ្មោះ ជាលិនី ក្នុងស្ថានតាវត្តិង្ស នាងជាលិនីទេពធីតានោះ ឃើញព្រះថេរៈស្វែងរក កំណាត់សំពត់ កាន់សំពត់ទិព្វ ៣ ផ្ទាំង បណ្តោយ ១៣ ហត្ថ ទទឹង ៤ ហត្ថ ហើយគិតថា បើអញប្រគេនដោយទំនងនេះ ព្រះថេរៈនឹងមិនទទួល ទើបដាក់លើគំនរសំរាមមួយកន្លែងខាងមុខព្រះថេរៈនោះ ដែលកំពុងស្វែងរកសំពត់ទាំងឡាយ ដោយអាការត្រឹមតែជាយសំពត់នោះ ប្រាកដបាន ។