រឿងព្រះសារីបុត្តត្ថេរ
ព្រោះការស្ងប់រម្ងាប់នៃកិលេស មានរាគៈជាដើមខាងក្នុង ។ បទថា តាទិនោ គឺជាអ្នកសម្បូរដោយគុណបែបនោះ ។ ក្នុងកាលចប់ទេសនា ព្រះតិស្សត្ថេរអ្នកក្រុងកោសម្ពី បានសម្រេច អរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ធម្មទេសនាបានជាប្រយោជន៍ ដល់មហា ជនដ៏សេសដូច្នេះឯង ។ រឿង ព្រះតិស្សត្ថេរអ្នកក្រុងកោសម្ពី ចប់ ៥ រឿង ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អស្សទ្ធោ ជាដើម ។ សេចក្តីពិស្តារថា ភិក្ខុអ្នកនៅព្រៃជាវត្តប្រមាណ ៣០ រូប ថ្ងៃមួយចូលទៅ កាន់សម្នាក់ព្រះសាស្តា ថ្វាយបង្គំអង្គុយហើយ ។ ព្រះសាស្តាទ្រង់ជ្រាប ឧបនិស្ស័យនៃអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយរបស់ភិក្ខុទាំងនោះ ហើយ ត្រាស់ហៅព្រះសារីបុត្តត្ថេរមក ត្រាស់សួរបញ្ញាប្រារព្ធឥន្ទ្រិយ ៥ យ៉ាងនេះថា ម្នាលសារីបុត្ត អ្នកជឿឬ ឥន្ទ្រិយ គឺសទ្ធាដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងឈមចុះដល់អមតៈ មានអមតៈជាទីបំផុត ។ ព្រះថេរៈទូលដោះស្រាយបញ្ញានោះយ៉ាងនេះថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ រមែងមិនដល់នូវការជឿចំពោះព្រះដ៏មានព្រះភាគក្នុងឥន្ទ្រិយ ៥ នេះឯងថា ឥន្ទ្រិយ គឺសទ្ធា ។ បេ ។ មានអមតៈជាទីបំផុត ខ្ញុំព្រះអង្គចម្រើនឥន្ទ្រិយ គឺសទ្ធា នោះ ដែលជនទាំងឡាយណាមិនដឹងហើយ មិនស្តាប់ហើយ មិនឃើញហើយ មិនជ្រាបហើយ មិនធ្វើឲ្យជាក់ច្បាស់ហើយ មិនពាល់ត្រូវហើយដោយបញ្ញា ជនទាំងនោះគប្បីដល់ដោយការជឿចំពោះជនដទៃក្នុងឥន្ទ្រិយ ៥ នោះថា ឥន្ទ្រិយ គឺសទ្ធា ។