រឿងអនត្ថបុច្ឆកព្រាហ្មណ៍
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអនត្ថបុច្ឆកព្រាហ្មណ៍ ត្រាស់ព្រះគាថានេះថា អត្តា ហវេ ជាដើម ។ បានឮថា ព្រាហ្មណ៍នោះគិតថា ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបវត្ថុដែលជា ប្រយោជន៍តែម្យ៉ាងឬហ្ន៎ ឬទ្រង់ជ្រាបវត្ថុដែលមិនជាប្រយោជន៍ដែរ អញនឹង ទូលសួរទ្រង់ ដូច្នេះហើយ ទើបចូលទៅគាល់ព្រះសាស្តា ទូលសួរថា បពិត្រ ព្រះអង្គ ទ្រង់ឃើញ ទ្រង់ជ្រាបវត្ថុដែលជាប្រយោជន៍តែម្យ៉ាង មិនជ្រាបវត្ថុ ដែលមិនមែនប្រយោជន៍ទេឬ ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគត ដឹងវត្ថុដែលជាប្រយោជន៍ផង វត្ថុដែលមិនជាប្រយោជន៍ផង ។ ព្រាហ្មណ៍ ពោលថា បើយ៉ាងនោះ សូមទ្រង់ត្រាស់ប្រាប់វត្ថុដែលមិនជាប្រយោជន៍ដល់ ខ្ញុំព្រះអង្គចុះ ។ លំដាប់នោះ ព្រះសាស្តាត្រាស់ព្រះគាថានេះ ដល់ព្រាហ្មណ៍ នោះថា ការដេករហូតដល់ថ្ងៃរះ ការខ្ជិលច្រអូស ការកាច ការពន្យាពេល ការធ្វើដំណើរឆ្ងាយរបស់បុគ្គលម្នាក់ឯង ការចូលទៅសេពភរិយា របស់អ្នកដទៃ ម្នាលព្រាហ្មណ៍ អ្នកចូរសេពកម្ម ៦ យ៉ាងនេះចុះ វត្ថុមិនមែនជាប្រយោជន៍ នឹងមានដល់អ្នក ។ ព្រាហ្មណ៍ស្តាប់ព្រះពុទ្ធតម្រាស់នោះហើយ បានឲ្យសាធុការថា សាធុ សាធុ ទ្រង់ជាអាចារ្យរបស់គណៈ ទ្រង់ជាធំក្នុងគណៈ ទ្រង់រមែងជ្រាបវត្ថុដែល ជាប្រយោជន៍ផង វត្ថុដែលមិនជាប្រយោជន៍ផង ។ ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ យ៉ាងនោះឯង ឈ្មោះថា បុគ្គល ដឹងវត្ថុដែលជាប្រយោជន៍ និងវត្ថុមិនជាប្រយោជន៍ដូចតថាគតរមែងមិនមាន ។ លំដាប់នោះ ព្រះសាស្តាទ្រង់ប្រមើលមើលអធ្យាស្រ័យរបស់ព្រាហ្មណ៍ នោះហើយ ទើបត្រាស់សួរថា ម្នាលព្រាហ្មណ៍ អ្នករស់នៅចិញ្ចឹមជីវិតដោយ ការងារអ្វី ព្រាហ្មណ៍ទូលថា បពិត្រព្រះគោតម ដោយការងារ គឺលេងបាស