រឿងព្រាហ្មណ៍ជាសម្លាញ់របស់ព្រះសារីបុត្តត្ថេរ

ក្បាលទី 33 · ទំព័រ 511

ព្រះសាស្តាត្រាស់សួរថា ម្នាលព្រាហ្មណ៍ បានឮថា សេចក្តីនេះ យ៉ាងនោះឬ កាលព្រាហ្មណ៍ទទួលថា យ៉ាងនោះឯង ព្រះអង្គ ទើបត្រាស់ថា ម្នាលព្រាហ្មណ៍ ទានដែលអ្នកបូជាយញ្ញ ដូចដែលគេធ្លាប់បូជា ឲ្យដល់ លោកិយមហាជនរាប់ឆ្នាំ រមែងមិនដល់ចំណែកទី ៤ នៃកុសលចេតនាដែល កើតឡើងដល់មនុស្សទាំងឡាយ ដែលថ្វាយបង្គំសាវ័ករបស់តថាគត ដោយ ចិត្តជ្រះថ្លា កាលទ្រង់បន្តអនុសន្ធិសម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថា យង្កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ សំវច្ឆរំ យជេថ បុញ្ញបេក្ខោ សព្វំបិ តំ ន ចតុភាគមេតិ អភិវាទនា ឧជុគតេសុ សេយ្យោ ។ បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមួយ ក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែង មិនដល់នូវចំណែកទី ៤ នៃការអភិវាទន៍ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ប្រសើរជាង ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា យំង្កិញ្ចិ នេះ ជាពាក្យសរុប កាន់យកមិន មានចំណែកសល់ ។ បទថា យិដ្ឋំ បានដល់ ទានដែលគេឲ្យ ដោយអំណាច ការធ្វើមង្គលជាដើមដោយច្រើន ។ បទថា ហុតំ បានដល់ ទានដើម្បីភ្ញៀវ ដែលគេរៀបចំធ្វើ និងទានដែលបុគ្គលជឿកម្ម និងផលនៃកម្មធ្វើ ។ ពីរបទថា សំវច្ឆរំ យជេថ សេចក្តីថា គប្បីឲ្យទានមានប្រការដូចពោល ហើយ ដល់លោកិយមហាជនក្នុងចក្កវាឡទាំងមូល អស់មួយឆ្នាំមិនមានរវាង ចន្លោះ ។ បទថា បុញ្ញបេក្ខោ បានដល់ អ្នកប្រាថ្នាបុណ្យ ។ បទថា ឧជុគតេសុ សេចក្តីថា ដោយហោចយ៉ាងទាបក្នុងព្រះសោតាបន្ន ដោយហោច យ៉ាងខ្ពស់ ក្នុងព្រះខីណាស្រព ។