រឿងសង្កិច្ចសាមណេរ
លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសង្កិច្ចសាមណេរ ត្រាស់ព្រះធម្មទេសនានេះថា យោ ច វស្សសតំ ជីវេ ជាដើម ។ បានឮថា កុលបុត្រប្រមាណ ៣០ នាក់ ក្នុងក្រុងសាវត្ថី ស្តាប់ធម្មកថា ហើយ បួសថ្វាយជីវិតក្នុងសាសនារបស់ព្រះសាស្តា ភិក្ខុទាំងនោះឧបសម្បទា បាន ៥ វស្សា ចូលគាល់ព្រះសាស្តា ស្តាប់ធុរៈពីរប្រការ គឺគន្ថធុរៈ និង វិបស្សនាធុរៈ មិនធ្វើឧស្សាហ៍ក្នុងគន្ថធុរៈ ព្រោះជាអ្នកបួសឯចាស់ កាល បំណងនឹងបំពេញវិបស្សនាធុរៈ ទូលសូមព្រះសាស្តា ឲ្យត្រាស់ប្រាប់កម្មដ្ឋាន អំពីអរហត្ត ទើបទូលលាព្រះសាស្តាថា ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃមួយកន្លែង ។ ព្រះសាស្តាត្រាស់សួរថា ពួកអ្នកនឹងទៅក្នុងទីណា កាលភិក្ខុទាំងនោះ ក្រាបទូលថា ក្នុងទីឈ្មោះនោះ ទ្រង់បានជ្រាបថា ភ័យនឹងកើតឡើងក្នុងទីនោះ ដល់ភិក្ខុទាំងនោះ ព្រោះអាស្រ័យមនុស្សស៊ីដែលម្នាក់ តែបើសង្កិច្ចសាមណេរ ទៅហើយ ភ័យនឹងរម្ងាប់ កាលបើដូច្នោះ កិច្ចបព្វជិតរបស់ភិក្ខុទាំងនោះនឹង ដល់នូវភាពបរិបូណ៌ ។ សាមណេររបស់ព្រះសារីបុត្ត ឈ្មោះសង្កិច្ចសាមណេរ មានអាយុ ៧ ឆ្នាំអំពីកំណើត ។ បានឮថា មាតារបស់សង្កិច្ចសាមណេរនោះ ជាកូនស្រី របស់ត្រកូលស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី ។ កាលសាមណេរនោះ នៅក្នុងផ្ទៃ មាតានោះ បានធ្វើកាលកិរិយាក្នុងខណៈនោះឯង ដោយជំងឺឯណានីមួយ ។ កាលមាតា នោះត្រូវដុត សាច់ចំណែកដ៏សេសឆេះទៅ វៀរតែសាច់ផ្ទៃពោះ ។ លំដាប់នោះ ពួកព្លុកលើកសាច់ពោះរបស់នាងចុះអំពីជើងថ្ករ ចាក់ដោយដែក ស្រួច ក្នុងទីពីរបីកន្លែង ចុងដែកក៏ចាក់ត្រង់កន្ទុយភ្នែករបស់ទារក ពួកអ្នកព្លុក ចាក់សាច់ពោះយ៉ាងនោះហើយ ទើបបោះទៅលើគំនររងើកភ្លើង លុបដោយ រងើកភ្លើងនោះឯង ហើយចៀស