រឿងព្រះខានុកោណ្ឌញ្ញត្ថេរ
រឿង សង្កិច្ចសាមណេរ ចប់ ៥ រឿង ព្រះខានុកោណ្ឌញ្ញត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះខានុកោណ្ឌញ្ញៈ ត្រាស់ព្រះគាថានេះថា យោ ច វស្សសតំ ជីវេ ជាដើម ។ បានឮថា ព្រះថេរៈនោះ រឿនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាក្នុងព្រៃ សម្រេចអរហត្តហើយ គិតថា និងទូលលាព្រះសាស្តា កាលមកអំពីទីនោះ ហត់នឿយក្នុងរវាងផ្លូវ គេចចេញអំពីផ្លូវ អង្គុយចូលឈានលើថ្មដាមួយ កន្លែង ។ គ្រានោះ ចោរ ៥០០ ប្លន់ស្រុកមួយកន្លែងហើយ វេចទ្រព្យរបស់ តាមសមគួរដល់កម្លាំងរបស់ខ្លួន យកក្បាលទូល ដើរទៅ កាលដើរទៅឆ្ងាយ នឿយហត់គិតថា អញមកឆ្ងាយហើយ នឹងសម្រាកលើថ្មដានេះ គេចចេញ អំពីផ្លូវទៅកាន់ទីជិតថ្មដា សូម្បីឃើញព្រះថេរៈ ក៏មានសេចក្តីសម្គាល់ថា នេះ ជាដង្គត់ឈើ លំដាប់នោះ ចោរម្នាក់ដាក់បង្វេចទ្រព្យ លើសីសៈព្រះថេរៈ ។ ចោរដទៃៗ ក៏ដាក់បង្វេចទ្រព្យលើព្រះថេរៈនោះ ។ ដោយប្រការដូច្នេះ ចោរ ទាំង ៥០០ នាក់យកបង្វេច ៥០០ ដាក់លើព្រះថេរៈ សូម្បីខ្លួនឯងក៏ដេកលក់ ភ្ញាក់ឡើងក្នុងពេលថ្ងៃរះ ទាញបង្វេចរៀងៗ ខ្លួន បានឃើញព្រះថេរៈ ក៏ផ្តើម គេចទៅដោយសម្គាល់ថា ជាអមនុស្ស ។ រំពេចនោះ ព្រះថេរៈពោលនឹងចោរទាំងនោះថា កុំខ្លាចឡើយឧបាសក អាត្មាជាបព្វជិត ។ ចោរទាំងនោះក្រាបចុះទៀបបាទជើងព្រះថេរៈ ឲ្យព្រះថេរៈ អត់ទោសដោយពាក្យថា សូមលោកម្ចាស់អត់ទោសចុះ ពួកខ្ញុំសម្គាល់ថាដង្គត់ ឈើ កាលមេចោរប្រាប់ថា ខ្ញុំនឹងបួសក្នុងសម្នាក់លោកម្ចាស់ ពួកចោរដ៏សេស ក៏ពោលថា ពួកខ្ញុំក៏នឹងបួស មានឆន្ទៈតែមួយសូមបព្វជ្ជានឹងព្រះថេរៈ ។ ព្រះថេរៈ បានឲ្យចោរទាំងអស់នោះបួស ដូចសង្កិច្ចសាមណេរដែរ ។