រឿងនាងបដាចារា

ក្បាលទី 33 · ទំព័រ 541

បាទព្រះគាថាថា វីរិយំ អារភតោ ទឡំ សេចក្តីថា បុគ្គលប្រារព្ធ សេចក្តីព្យាយាមមាំទាំ ឈ្មោះថា អាចញ៉ាំងឈាន ២ ប្រការឲ្យកើត ។ ពាក្យដ៏សេស ដូចគ្នានឹងពាក្យដែលមានក្នុងកាលមុននោះឯង ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះសប្បទាសត្ថេរ ចប់ ៥ រឿង នាងបដាចារា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនាងបដាចាថេរី ត្រាស់ព្រះធម្មទេសនានេះថា យោ ច វស្សសតំ ជីវេ ជាដើម ។ បានឮមកថា នាងបដាចារានោះ ជាធីតារបស់សេដ្ឋីអ្នកមានទ្រព្យ ៤០ កោដិ ក្នុងក្រុងសាវត្ថី មានរូបស្រស់ត្រកាល ពេលមានអាយុ ១៦ ឆ្នាំ ម្តាយ ពុកកាលរក្សា ទើបឲ្យនាងនៅលើប្រាសាទជាន់ទី ៧ ។ កាលបើដូច្នោះ នាង ក៏នៅតែសមាគមជាមួយបុរសអ្នកបម្រើរបស់ខ្លួន ។ កាលនោះមាតាបិតារបស់ នាង លើកឲ្យដល់បុរសកំលោះម្នាក់ ក្នុងត្រកូលដែលមានជាតិស្មើគ្នា ហើយ កំណត់ថ្ងៃវិវាហៈ ។ កាលថ្ងៃវិវាហៈនោះជិតចូលមកដល់ នាងក៏ពោលនឹងអ្នកបម្រើ ប្រុសនោះថា បានឮថា ពុកម្តាយខ្ញុំ លើកខ្ញុំឲ្យដល់ត្រកូលឈ្មោះនោះ ក្នុងកាលដែលខ្ញុំទៅកាន់ត្រកូលប្តី អ្នក សូម្បីកាន់បណ្ណាការដើម្បីខ្ញុំមកហើយក៏ នឹងមិនបានចូលទៅក្នុងទីនោះ បើអ្នកស្រឡាញ់ខ្ញុំ សូមនាំខ្ញុំគេចទៅដោយផ្លូវ ណាមួយក្នុងកាលឥឡូវនេះឯង ។ អ្នកបម្រើនោះទទួលថា សាធុនាង ហើយ ពោលថា បើយ៉ាងនោះ ខ្ញុំនឹងឈរក្នុងទីឈ្មោះនោះនៃទ្វារក្រុងអំពីព្រលឹមស្អែក នេះ នាងគប្បីចេញទៅដោយឧបាយណាមួយហើយ មកក្នុងទីនោះ ក្នុងថ្ងៃទី ២ ក៏ឈរក្នុងទីដែលបានមត់គ្នា ។